Register Already an agent ? Login

កម្ពុជា-អាលឺ្លម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ៣០លានអឺរ៉ូ

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ផ្ដល់ឥណទានថ្មី ៣០លានអឺរ៉ូ កាលពីចុងខែឧភា ឆ្នាំ២០២២។

ការផ្ដលឥណទានសម្បទាន ៣០លានអឺរ៉ូ របស់រដ្ឋាភិបាលអាល្លឺម៉ង់ មកកម្ពុជា សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II។

បើតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ចឱ្យដឹងថា ការចុះហត្ថលេខារបស់មន្រ្តីជាន់ខ្ពស់របស់ប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាស លោក Christian Berger នឹងបញ្ចប់អាណត្តិបេសកកម្មការទូត នៅចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

បើសេចក្ដីប្រកាសដដែល បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងឥណទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ នៅពេលក្រោយបន្ទាប់សិក្សាកម្អិតធ្វើបានរួចរាល់។

នៅក្នុងសេចក្ដីប្រកាសខាងលើបាបរម្លឹកថា រយៈពេលប្រមាណ ៣០ឆ្នាំ ប្រទេសអល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយដែលបានសន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើធៀបនឹងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។ គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាប្រមាណ ៧២០លានដុល្លារ (ក្នុងនោះ ឥណទានសម្បទានប្រមាណ ៧០លានដុល្លារ និងហិរញ្ញប្បទានឥតសំណង ៦៥០លានដុល្លារ)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)