Register Already an agent ? Login

កម្ពុជា នាំចេញកសិផលក្រៅពីស្រូវ-អង្ករប្រមាណ ៣,២លានតោន ជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៥ខែ ចាប់ពី​ខែមករា ដល់​ឧសភា ឆ្នាំ២០២២ កម្ពុជានាំ​ចេញកសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ ប្រមាណ ៣,២៣៣,៩៩៨.៨៣​តោន គិតជាទឹកប្រាក់ជាង ១៣៩៨លាន​ដុល្លារ។ តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្មនៃ​ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបន្តថា ៥ខែឆ្នាំនេះកើន ១៣៤,៤៧៥.៩៥តោន​ ស្មើនឹង ៤,៣៤​% ​បើ​ធៀប​នឹងគ្រាដូចគ្នា​ក្នុង​ឆ្នាំ​២០២១។

នៅក្នុងរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គេ​សង្កេតឃើញថា មានតែ​ផលិតផល​ដំឡូង​មី ថ្នាំ​ជក់ សណ្តែកសៀង និង​បន្លែ​​ចម្រុះ​ប៉ុណ្ណោះ ដែល​កើនឡើង ​ក្រៅពីនេះគឺ​សុទ្ធតែ​ថយចុះ ​ជាពិសេស​ការនាំ​ចេញទៅ​កាន់​ប្រទេស​ចិន។

​ការនាំចេញ​កសិផល​ភាគច្រើន ជាពិសេស​ទៅ​ចិនធ្លាក់ចុះ​ ដោយសារ​កត្តា​មួយចំនួន​ដូចជា កង្វះ​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ទំ​និ​ញ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ-១៩ ស្របតាម​យុទ្ធសាស្ត្រ​គ្មាន​ការ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ខាងក្រៅ​នៅតាម​បណ្តា​ច្រកទ្វារ​នាំ​ចូល​ប្រទេស​ចិន​-​វៀតណាម និង​ការ​រឹតបន្តឹង​លក្ខខណ្ឌ​អនាម័យ​ និង​ភូតគាម​អនាម័យ​ ដែល​មកពី​ការរកឃើញ​វត្តមាន​កូ​វីដ-១៩ នៅលើ​សម្បក​កេស​វេច​ខ្ចប់​ផ្លែ​ចេក​ពី​សំណាក់​អាជ្ញាធរ​គយ​ប្រទេស​ចិន​។​ បើតាមការលើកឡើងរបស់ លោក វេង​សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រិក្ខាប្រមាញ់និងនេសាទ។

លោក វេង​ សាខុន បានលើកឡើងបន្តថា ការ​ខ្វះខាត​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល បណ្តាលឱ្យ​ទូ​ត្រជាក់​ឡើងថ្លៃ​ជាខ្លាំង បើ​ធៀប​ទៅនឹង​មុន​វិ​ប​តិ្ត​កូ​វីដ-១៩ ​បច្ចុប្បន្ន​តម្លៃ​បាន​កើន​រហូតដល់​ជាង ៣​ដង​។ លោក បានបន្ថែមថា ជាមួយគ្នានេះ​ការនាំ​​ចេញទៅ​ប្រទេស​វៀតណាម​ក៏មាន​ការថយចុះ ដោយសារ​ការ​នាំ​ចេញពី​ប្រទេស​វៀតណាម​ ទៅ​ប្រទេស​ចិន អាច​ដំណើរការ​ទៅបាន​តិចតួច​ដោយសារ​វិបត្តិ​កូ​វីដ-១៩ ជាហេតុ​ធ្វើឱ្យ​ក្រុម​ហ៊ុន​មួយចំនួន​ត្រូវ​អាក់ខាន​នាំចេញ​មួយរយៈ និង​ក្រុមហ៊ុន​ខ្លះ​ទុកចោល​មិន​ប្រមូល​ផល​​។​

គូសបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១,៩៥០.៦៩លានដុល្លារ ក្នុងនោះការនាំចេញអង្ករមានទឹកប្រាក់ ២៤២.៥៤លានដុល្លារ, ការនាំចេញស្រូវមានចំនួន ៣០៩.២០ លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួនជាង ១៣៩៨ លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)