ភ្នំពេញ៖ រយៈពេល ៥ ខែឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៧២គម្រោង ទុនសរុប ៦៦២.៣៨លានដុល្លារ។ គម្រោងភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងស្បែកជើង។
កម្ពុជា បច្ចុប្បន្នបានក្លាយជាកន្លែងឆក់ទាញវិនិយោគិនថ្មីៗជាច្រើន ហើយគម្រោងវិនិយោគនៅពេលនេះក៏មិនមែនសុទ្ធតែក្នុងវិស័យឧស្សាហកម្មធុនស្រាល (វាយនភណ្ឌ) ទៀតទេគឺមានស្ទើរគ្រប់វិស័យដែលរួមមានទាំងរោងចក្រដំឡើងរថយន្តផងដែរ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ក្រៅពីទទួលបានកំណើននៃការវិនិយោគថ្មីៗ នៅពេលនេះសភាពាណិជ្ជកម្មកម្ពុជា ក៏ទើបបើកសាខាតំណាងរបស់ខ្លួននៅក្នុងប្រទេសកាណាដា ផងដែរ។
លោក លឹម ហេង បានលើកឡើងបន្តទៀតថា ទោះបីការធ្វើដំណើរជាអន្តរជាតិនៅមិនទាន់បើកទូលាយដូចមុនពេលមានវត្តមានជំងឺកូវីដ-១៩ ប៉ុន្តែចំនួននៃគម្រោងវិនិយោគដែលស្នើសុំវិនិយោគនៅកម្ពុជាបានកើនឡើងជាប្រចាំ។ លោក បានបន្ថែមថា កំណើននៃការបណ្តាក់ទុនថ្មីៗអាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ច្បាប់វិនិយោគថ្មីមានភាពអំណោយផល មានទីតាំងភូមិសាស្ត្រល្អ ជាពិសេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងតំបន់ RCEP ផងដែរ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបានលើកឡើងថា ភាពជោគជ័យនៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ កំពុងធ្វើឱ្យកម្ពុជាទទួលបានទំនុកចិត្តក្នុងការចូលមកបណ្តាក់ទុនកាន់តែច្រើន ហើយការចូលមកបណ្តាក់ទុននៅពេលនេះ ក៏ជាប្រភេទឧស្សាហកម្មធុនមធ្យមផងដែរ។ លោក បានបញ្ជាក់ថា «នៅពេលមានការវិនិយោគបែបនេះកាន់តែច្រើន វានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ»។
ការប្រកាសបើកប្រទេសឡើងវិញមុនគេក្នុងតំបន់កំពុងបង្ហាញទៅវិនិយោគិនអន្តរជាតិថា កម្ពុជាគឺជាទីតាំងបណ្តាក់ទុនដ៏ល្អបំផុតនៅក្នុងតំបន់។ បើតាមការលើកឡើងបន្ថែមរបស់ លោក ហុង វណ្ណៈ បានបន្ថែមទៀតថា ជាមួយនឹងស្ថិរភាពនយោបាយ និងការទទួលបានទីផ្សារអន្តរជាតិកាន់តែច្រើន ខ្ញុំគិតថានឹងមានក្រុមហ៊ុន/រោងចក្រលំដាប់យក្សកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។
ទាក់ទងនឹងសេដ្ឋកិច្ចនេះដែរ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ២០២២ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិមានទឹកប្រាក់សរុប ៧,៦០៦.២០លានដុល្លារ កើន ៣២.១% បើធៀបគ្រាដូចគ្នា នៅឆ្នាំ២០២១ ចំណែកការនាំចូលមានទឹកប្រាក់ ១០,០៤៣.៣០លានដុល្លារ កើនឡើង ៥.៥%៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)