Register Already an agent ? Login

លោក ឃួង ស្រេង សម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវលេខ១០៨០ ប្រវែងជាង៦គ.ម ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២

ភ្នំ​ពេញ៖ កំណាត់ផ្លូវបេតុងអាម៉េ១ខ្សែ លេខ​១០៨០ ចាប់ពី​មហាវិថី ឈ្នះឈ្នះ ដល់ផ្លូវ​លេខ​៤២ ស្ថិតនៅសង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំបូល និង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែលមាន​ប្រវែង​៦,៤៩០​ម៉្រែត ទទឹង ១២ម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃ១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃួង​ស្រេង អភិបាលរាជធានី​ភ្នំពេញ។

កំណាត់ផ្លូវ១ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាជាចក្រកម្ពុជ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមអមសងខាងផ្លូវថែមទៀតផង។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង បានរម្លឹកថា កំណាត់ផ្លូវនេះពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមានការស្ថាបនាឡើងជាបន្តបន្ទាប់ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ

«កំណាត់ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រីកផ្លូវឱ្យកាន់តែធំទូលាយជាងមុនទៀតផង»។ បើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង បានថ្លែងបន្តទៀតថា ក្រោយផ្តល់ផ្លូវ ១ខ្សែនេះហើយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កំណាត់ផ្លូវ ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះ ទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង ១,៥០០ម៉ែត្រ ទទឹង ១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។

នាឱកាសនោះ លោក ឃួង ស្រេង អាជ្ញាធរដែនដីត្រូវមើលថែផ្លូវនេះឱ្យបានល្អ ពិសេសពិនិត្យមើលលើការដឹកទំនិញលើសទំងន់ ដូចជាឡានដឹកដី ដឹកខ្សាច់និងដឹកថ្មជាដើម។ លោក បានលើកឡើងដោយសង្កត់ធ្ងន់ថា ៖«ប្រទេសកំពុងអភិវឌ្ឍន៍ខ្ញុំមិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹកឱ្យបានសមស្រប កុំដឹកលើសទំងន់ដែលច្បាប់បានកំណាត់ ដែលធ្វើឱ្យខូចផ្លូវ ប្រើប្រាស់មិនបានយូរអង្វែង»។

នៅក្នុងពិធីខាងលើ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងដែរថា កំណាត់ផ្លូវលេខ១០៨០នេះ លានសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ, សង្កាត់ស្នោ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង ៦,៤៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ចាក់មេតុងតំរាស់ ២០សង់ទីម៉ែត្រ ដាក់លូទំហំ ១ម៉ែត្រ សងខាង និងដំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។

លោក សាំ ពិសិដ្ឋ បានបន្តឱ្យដឹងទៀតថា កំណាត់ផ្លូវនេះពីមុនមានទទឹងត្រឹមតែ ៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ ពេលនេះបានពង្រីកដល់ ១២ម៉ែត្រ វានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរតភ្ជាប់ពីតំបន់លំដ្ឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងវិថីបំរើឱ្យវិស័យទេចរ និងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។

លោក បានគូសបញ្ជាក់ថា ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវExpress Way ភ្នំពេញ-ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ជាតំបន់ទេសចរ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង និងផ្សារផ្លូវជាតិលេខ៥ ត្រង់ឧត្តុង។

លោក បានរម្លឹកថា កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន ៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)