Register Already an agent ? Login

កម្ពុជា ទទួលកម្ចីពី ADB ជិត១ពាន់លានដុល្លារ អភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋ

ភ្នំពេញ៖ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ហិរញ្ញប្បទានប្រមាណ ៩៦៥លានដុល្លារ មកកម្ពុជា ដើម្បីជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រនិង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​។

ADB បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការផ្តល់​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​ ដើម្បី​គាំទ្រ​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ​, ផ្នែក​បច្ចេកទេស និង​ជាពិសេស​ការរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​-១៩​។ បើតាមការលើកឡើងរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB Board Group) លោកវង្សី វិស្សុត លើកឡើងបន្តថា បើទោះបី​ កម្ពុជា​បាន​បើក​ប្រទេសនិង​សេដ្ឋកិច្ច​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​នៅ​ចំពោះមុខ កម្ពុជា​មើលឃើញ​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែលមាន​ដូចជា បញ្ហា​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​បាននិង​កំពុង​កើតមានឡើង។

លោក បានគូសបញ្ជាក់ថា «ទាំងនេះបាន​បង្ក​ជា​កង្វល់ និង​វិបត្តិ​សេដ្ឋកិច្ច​ជា​សកល ដោយបាន​ផ្តល់​ផលប៉ះពាល់​ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នៅ​ទូទាំង​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​»។

លោក រដ្ឋលេខារូបនេះ បានមានប្រសាសន៍ថា កម្ពុជា​ពិតជា​អំណរគុណ​ដល់​ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​បាន​ផ្តល់នូវ​សុភ​វិនិច្ឆ័យ​ចំពោះ​កម្ពុជា ជាពិសេស​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​ ២០១៩-២០២៣ (Country Partnership Strategy - CPS 2019-2023)។

លោក បានលើកឡើងបន្ថែមថា ជាមួយ​នឹង​កិច្ចសហការ​រៀបចំសេចក្តី​ព្រាង​ស្តីពី​គម្រោង ឬ​កម្មវិធី​អភិវឌ្ឍន៍ និង​ជំនួយ​បច្ចេកទេស​ឆ្នាំ​ ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025) ដែល​ក្នុង​ក្របខ័ណ្ឌ​នេះ កម្ពុជា​នឹង​ទទួលបាន​ហិរញ្ញប្បទាន​ពី ADB ចំនួន​ប្រមាណ ៩៦៥លាន​ដុល្លារ​ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​របស់​កម្ពុជា​

គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថា ភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 បាននាំឱ្យប្រទេសកម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបើកដំណើរការគ្រប់វិស័យទាំងអស់ឡើងវិញ។

គោលបំណងនៃបេសកកម្មរបស់គណៈប្រតិភូ ADB មកកាន់កម្ពុជា គឺដើម្បីពិនិត្យនិងស្វែងយល់ពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងប្រទេសនិងតំបន់ទាំងមូល ជាពិសេសក្នុងបរិបទថ្មីនៃភាពមិនប្រាកដប្រជានៃ Covid-19 ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ វិបត្តិ និងបញ្ហាភូមិសាស្ត្រនយោបាយ ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយ ADB នៅក្នុងប្រទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)