Register Already an agent ? Login

លោក ថោង ខុន រំពឹងពីកំណើនទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយ វៀតណាម និងថៃ

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «បទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ» លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរ។

សិក្ខាសាលាខាងលើធ្វើឡើងនៅខេត្តកែប កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក ថោង ខុន បានថ្លែងបន្តថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។ លោក បានគូសបញ្ជាក់ នូវចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងបរិបទវិបត្តិសកលនេះ »គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាងច្រើន»។

នៅក្នុងតំបន់ឆ្នេររបស់យើង ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយប្រទេសវៀតណាម និងប្រទេសថៃ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ថោង ខុន បានបន្ថែមថា កម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាងទាំងពី បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។

ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។ បើតាមការគូសបង្ហាញរបស់ លោក ថោង ខុន បានលើកឡើងថា ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃ ក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។

លោក បានលើកឡើងបន្ថែមថា ដើម្បីឱ្យផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញក្នុងការពង្រឹងសុខមាលភាពក្នុងប្រទេសបានរឹងមាំ និងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបើកទេសចរណ៍ឡើងវិញជាបណ្ដើរៗ ដែលការប្រកាសនេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

សូមរម្លឹកថា ក្នុងសុន្ទរកថាស្វាគមន៍ នៅក្នុងកម្មវីធីប្រកាសដាក់ចេញជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារ កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ លោក ថោង ខុន បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា កំពុងចាប់ផ្តើមងើបទ្បើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័ក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក បានថ្លែងឱ្យដឹងថា ត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២៤១៤៨៥នាក់ កើនទ្បើង១៩១.៥៥% ប្រៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯ ទេសចរណ៍ផ្ទៃក្នុង ក៏មានការកើនឡើងជាទីមោទកភាព ដោយគ្រាន់តែក្នុង ៤ខែ ដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង (ទេសចរជាតិ និងបរទេសផ្ទៃក្នុង) ប្រមាណជិត ៥លាននាក់ ធ្វើដំណើរកម្សាន្តពាសពេញផ្ទៃប្រទេស ខណៈ ដែលនៅចុងសប្តាហ៍ ក្នុងខែឧសភានេះ យើងសង្កេតឃើញថា ទេសចរណ៍ផ្ទៃក្នុងបានវិលត្រឡប់មករកស្ថានភាពមុនកូវីដ-១៩ វិញហើយ។

លោក រដ្ឋមន្រ្តី បានថ្លែងបន្ថែម ប៉ុន្តែទោះជាមានការងើបទ្បើងជាបណ្តើរៗនៃទេសចរយ៉ាងនេះក្តី បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានអាជីវកម្មទេសចរណ៍ចំនួន ១,៤២៨ទីតាំង កំពុងបន្តបិទ/ព្យួរនៅទ្បើយ ដោយសារជួបបញ្ហាលំហូរសាច់ប្រាក់ និងកង្វះខាតហិរញ្ញប្បទានសម្រាប់ជួសជុលនិងដំណើរការអាជីវកម្មទ្បើងវិញ។

«វិស័យទេសចរណ៍ នៅតែជាសរសរស្តុមមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីជួយសម្រួលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លា ជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ»។ បើតាមការបញ្ជាក់របស់ លោក ថោង ខុន។

លោក រដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ចំនួនទេសចរអន្តរជាតិ ពិសេសទេសចរផ្ទៃក្នុងអាស៊ានអាចនឹងកើនឡើងជាងនេះនៅពេលដែលរបាំងសុខាភិបាល និងការសម្រួលលការធ្វើដំណើរ និងការដឺកជញ្ជូនបានកាន់តែងាយស្រួល។ ការប៉ាន់ស្មានឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ចន្លោះពី៨០ម៉ឺន ទៅ១លាននាក់ និងទេសចរផ្ទៃក្នុង ប្រមាណ ៩លាននាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)