ភ្នំពេញ៖ វិស័យដីធ្លី ក្រោយពីរង្គោះរង្គើររយៈពេល ២ឆ្នាំ ក្នុងវិបត្តិជំងឺសកល ពេលនេះបានងើបឡើងវិញហើយក្រោយពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញកាលពីថ្មីៗនេះ។ បើតាមការលើកឡើងអ្នកជំនាញក្នុងវិស័យអចលទ្រព្យ បានបញ្ជាក់ថា «វិស័យនេះ វានឹងចាប់ផ្ដើមងើបឡើងវិញ ក្នុងស្ថានភាពល្អប្រសើរ ហើយវាមិនមែនងើបឡើង តែក្នុងឆ្នាំ២០២២នេះទេ តែក្នុងឆ្នាំក្រោយៗទៀត វានឹងកាន់តែល្អប្រសើរបន្តទៀត»។
កត្តាដែលយើងហ៊ានអះអាងថា វិស័យនេះនឹងកាន់តែល្អនៅឆ្នាំក្រោយៗ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ី ហ្គេម ហើយជាធម្មតាទាំងគេទាំងយើង នឹងមិនទៅបណ្ដាក់ទុនរកស៊ីឬវិនិយោគនៅប្រទេសណា ដែលយើងមិនធ្លាប់បានទៅដល់ មិនធ្លាប់ស្គាល់នោះទេ។ បើតាមការលើកឡើងរបស់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL និងជាអ្នកជំនាញដីធ្លី លោកឧកញ៉ា ចេង ខេង។
ព្រឹត្តិការណ៍ស៊ីហ្គេម នឹងនាំមនុស្សពាសពេញពិភពលោកមកជុំគ្នានៅកម្ពុជា ដើម្បីទស្សនាការប្រកួត ក្រៅពីការប្រកួតវិនិយោគិននឹងដើរទស្សនា នៅតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងបន្តទៀតរបស់ លោកឧកញ៉ា ចេង ខេង បានបន្ថែមថា នៅពេលដែលគេបានដឹង បានយល់ពីកម្ពុជា នោះគេនឹងបណ្ដាក់ទុនវិនិយោគរកស៊ីក្នុងប្រទេសកម្ពុជា ដែលអាចនាំមកនូវប្រាក់ចំណូល ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកមុខមាត់ប្រទេសកម្ពុជា ស្មើមុខស្មើមាត់នឹងប្រទេសជិតខាងផងដែរ។
បើតាម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងបន្ថែមទៀតថា ជាការកត់សម្គាល់មួយទៀត ដែលយើងអះអាងថា វិស័យដីធ្លីដល់ដំណាក់កាលកម្រើកឡើងវិញនោះ តាមរយៈសកម្មភាពនៃអាជីវកម្មក្នុងស្រុក ចរាចរណ៍ចាប់ផ្ដើមស្ទះ ហើយវាស្ទះខ្លាំងជាងកាលមុនកូវីដ-១៩ទៅទៀត ដែលបញ្ជាក់ពីភាពមមាញឹកនៃការរកស៊ីរបស់ប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេស។
ដូចគ្នានេះដែរ ប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ា គីម ហ៊ាង ក៏បានលើកឡើងផងដែរ ក្នុងរយៈពេលជាង ៣សប្ដាហ៍កន្លងទៅនេះ កម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃកូវីដ-១៩នោះទេ ហើយកម្ពុជាក៏បានបើកទូលាយ ដល់អ្នកដំណើរមកពីបរទេស ដោយមិនធ្វើចត្តាឡ័ក និងមិនធ្វើតេស្ត សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងរួច។
ទាំងនេះគឺជាសញ្ញាល្អសម្រាប់វិស័យដីធ្លី ក្នុងប្រទេសកម្ពុជា ដែលអាចនឹងទទួលបានការវិនិយោគ ការទិញ លក់ឡើងវិញក្រោយពីទទួលរងផលប៉ះពាល់២ឆ្នាំកន្លង។ នេះបើតាមការលើកឡើងរបស់ លោកឧកញ៉ា គីម ហ៊ាង បានបន្ថែមថា ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុក នឹងធ្វើយ៉ាងណាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគនៅកម្ពុជា ដល់វិនិយោគិនបរទេសចូលមកស្វែងរកការបណ្ដាក់ទុនបន្ថែម។ លោក បានគូសបញ្ជាក់ «កម្ពុជាក៏ជាប្រទេសមួយ ដែលមានសក្ដានុពសល និងទូលាយសម្រាប់ការវិនិយោគដីធ្លីផងដែរ»៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)