កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានប្រគល់វិញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥៨៥បណ្ណ នៅលើទីតាំងដី ដែលសម្ដេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលឱ្យ ពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងពិធីប្រគល់វិញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ លោក ងួន រតនៈ បានថ្លែងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនេះ សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃសម្រាប់យកទៅដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
«បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិ ត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវ ដោយរដ្ឋមិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ»។ នេះបើតាមការបញ្ជាក់របស់ លោក ងួន រតនៈ។
លោក អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ ចំពោះ មេឃុំ អភិបាលស្រុក ជាពិសេសមន្ត្រីជំនាញសូរិយោដីខេត្ត ដែលបានខិតខំផ្ដល់នូវសេវាដីធ្លីនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទាមទារឱ្យម្ចាស់ដីមានការចូលរួម និងសហការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញ ដើម្បីឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះប្រព្រឹត្តទៅដោយរលូន នឹងទទួលបានលទ្ធផលល្អ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ជុំវិញព័ត៌មានដីតំបន់៣ ដើម្បីកាត់ឆ្វៀលដីជាង ៣ពាន់ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ និងប្រគល់ដីនោះជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែង មុនឆ្នាំ២០១២ បានប្រើប្រាស់អាស្រ័យផលបន្ត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលជាអ្នករស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផលជាក់ស្តែង លើដីតំបន់៣ មុនឆ្នាំ២០១២ ប្រមាណ ១៤០០នាក់ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ បានទទួលបណ្ណកម្មសិទ្ធិដីធ្លី ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចកាត់ឆ្វៀលដី ជូនពួកគាត់ឱ្យបន្តប្រើប្រាស់ និងអាស្រ័យផលជារៀងរហូត។
គូសបញ្ជាក់ថា អនុក្រឹត្យលេខ១០១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)