Register Already an agent ? Login

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ ២០% ៥ខែឆ្នាំ២០២២

ព្រះសីហនុ៖ រយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់កើនឡើងប្រមាណ ២០%។ បើតាមថ្លែងរបស់ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្តថា នៅឆ្នាំ២០២១ កំពង់ផែទទួលបានកំណើនប្រមាណ ១៤,១១% ប៉ុណ្ណោះ។

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការស្ទុះឡើងយ៉ាងគំហុកនៃសេដ្ឋកិច្ច កម្ពុជា បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្រាល។ បើតាមការថ្លែងបន្តទៀតរបស់ លោក ថៃ ឬទ្ធី បានបន្ថែមថា បរិមាណទំនិញឆ្លងកាត់នៅកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ក្តី។

លោក ថៃ ឬទ្ធី បានលើកឡើងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានទាន់ពេលវេលានិងត្រឹមត្រូវ ដែលជួយឱ្យរោងចក្រមួយចំនួននៅដំណើរការជាធម្មតា។ លោក រម្លឹកថា ក្នុងអំឡុងឆ្នាំ២០២០ ចំនួនកុងតឺន័រឆ្លងកាត់មានកំណើនប្រមាណ ០,៤% ប៉ុណ្ណោះ។

បើតាម អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងបន្ថែមថា ៥ខែកន្លងមកនេះ សង្កេតឃើញថា បរិមាណទំនិញនៅតែបន្តមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ ទាំងវិស័យផ្ទៃក្នុង ទាំងការលក់ផលិតកម្មផ្សេងៗ បានឆ្លុះបញ្ចាំងអំពីសកម្មភាពសេដ្ឋកិច្ចកម្ពុជាមានការដំណើរការទៅដោយរលូន។ លោក បានគូសបញ្ជាក់ថា «ជាពិសេសបានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ ចំណូលរបស់ជាតិ មានការកើនឡើងជាលំដាប់»។

សម្រាប់រយៈពេល៤ខែ ឆ្នាំ២០២២ បរិមាណទំនិញជាតោន យើងមានកំណើន ១០,៧១% បរិមាណទំនិញជាកុងតឺន័រគឺយើងមានកំណើន ១៦,៧៤% ហើយនាវាចូលចតនៅយើងនេះ គឺមានកំណើន ១១,៦៧%។ បើតាមការថ្លែងបន្ថែមទៀតរបស់ លោក ថៃ ឬទ្ធី បានឱ្យដឹងទៀតថា បើគិតទាំងក្នុងខែ៥ទៀត គឺយើងមានកំណើនពាក់ព័ន្ធជាមួយនឹងកុងតឺន័រឆ្លងកាត់ប្រមាណ ២០%។

គួសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។ កំពង់ផែនេះ មានទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយជារបាំងដ៏រឹងមាំក្នុងការការពារពីគ្រោះធម្មជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)