ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារពិសេសស្តី «អំពីបឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «ប្រជាពលរដ្ឋប្រមាណ ១២,៥៧២នាក់ ដែលនៅជុំវិញបឹងទន្លេសាប ក្នុងនោះខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នឹងត្រូវសម្រួលដីឱ្យដែលបានរស់នៅនិងអាស្រ័យផលយូរមកហើយ»។
សម្ដេច តេជោនាយករដ្ឋមន្រ្តី តំបន់បឹងទន្លេសាបចែកចេញជា៤តំបន់ គឺតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ដែលអាចចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធជូនប្រជាពលរដ្ឋ, តំបន់ទី២ ជាតំបន់ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផល នៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក, តំបន់ទី៣ ជាតំបន់ព្រៃលិចទឹក និងតំបន់ហាមឃាត់ការពារដាច់ខាត តែតែងតែមានការទន្រ្ទាន និងតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។
សម្ដេចតេជោ បានបន្តថា ក្នុងខេត្តកំពង់ធំ សម្រួលដី ១ម៉ឺន១៤ហិកតា ចេញពីតំបន់ពីរមកជាតំបន់១ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ៩,១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ ៦,៣៦៥ហិកតា ស្មើនឹង ២,០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកកាន់តំបន់២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ១,៧៤៨គ្រួសារ។
សម្តេចតេ នាយករដ្ឋមន្រ្តី បានន្តទៀតថា សម្រាប់ខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃដីចំនួនជាង ៥៨ហិកតា ចេញពីតំបន់៣ បញ្ចូលតំបន់២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ២២គ្រួសារ។ ខេត្តពោធិ៍សាត់ កែសម្រួលផ្ទៃដី ៣,៤៤៨ហិកតា ចេញពីតំបន់៣ ចូលមកតំបន់ពីរនៃបឹងទន្លេសាប និងជូនប្រជាពលរដ្ឋចំនួន ១,៦៥៨គ្រួសារ។
នៅក្នុងសារពិសេស ប្រមុខរជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា «កិច្ចការ ៣សំខាន់ ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ធ្វើ រួមមាន៖ កិច្ចការទី១ កាត់ឆ្វៀលដីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្តែង ឱ្យកើតជាភូមិករ ឃុំ ស្រុកមានទីវត្តអារាម ពិនិត្យពិចារណាដោយផ្អែកលើភូមិសាស្ត្រជាក់ស្តែងនៃខេត្តនីមួយៗ ហើយភូមិខ្លះបានកើតយូរមកហើយ»។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្រាប់ប្រជាជនដែលបានអាស្រ័យផលនៅក្នុងតំបន់នេះ ដែលគ្មានកន្លែងដ៏ទៃទៀត ចាំបាច់ត្រូវធ្វើការកែសម្រួល ដោយកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងកែសម្រួលបង្គោលព្រំដែនដែលអាចរើបង្គោលពីតំបន់៣ ទៅជាតំបន់២ ឬកែតំបន់២ ជាតំបន់១តែម្តង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)