Register Already an agent ? Login

កម្ពុជា ទទួលបានជំនួយពីធនាគារពិភពលោកជិត ១៧០លានដុល្លារ ស្ដារផ្លូវនៅជនពីគ្រោះធម្មជាតិ និងអាកាសធាតុ

ភ្នំពេញ៖ ធនាគារពិភពលោក (WB) បាន​អនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩​លានដុល្លារ ក្នុងការជួសជុលផ្លូវដែលខូចខាតបង្កពីគ្រោះធម្មជាតិ និងអាកាសធាតុ ជាពិសេសជួយរដ្ឋាភិបាលក្នុងការទ្រទ្រង់សុវត្ថិភាពពលរដ្ឋនៅលើដងផ្លូវ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

គម្រោងនេះ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនចំនួនប្រហែល ៥.៥លាននាក់ ក្នុងនោះ ៥២% ជាស្ត្រី នៅក្នុងខេត្តចំនួន៧ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ។ មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។

នេះជាដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ កត្តាអាកាសធាតុ ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់សុវត្ថិភាពពលរដ្ឋ នៅលើដងផ្លូវផងដែរ។ គម្រោងនេះ នឹងធ្វើបន្តពីដំណាក់កាលទី១ ដោយសាងសង់ផ្លូវ និង​ស្ពាន​នៅតាម​តំបន់​រងការជន់លិចទឹក និងជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុផងដែរ។

នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត​គម្រោងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍នៅកម្ពុជា​ ដំណា​​​ក់​​​កាល​ទី២ ដែលក្នុងនោះទឹកប្រាក់ចំនួន ៤៥០ ០០០ដុល្លារ ជាជំនួយរបស់ប្រទេសជប៉ុន និង ២លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានមានប្រសាសន៍ថា ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកស្រី បានបន្តថា ទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិ ដែលគ្មានអ្នកណាអាចដឹងមុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)