Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន ស្នើក្រុមការងារជំនាញ ពិភាក្សាជាមួយអាជ្ញាធរថៃ-វៀតណាមបើកច្រកទ្វារអន្តរជាតិបណ្ដោះអាសន្ត

ភ្នំពេញ៖ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមការងារទាំងអស់ ពិសេសក្រុមការងារជំនាញ ពិភាក្សាជាមួយ អាជ្ញាធរជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីបើកច្រកព្រំដែនអន្តរជាតិជាបណ្ដោះអាសន្ន ក្នុងនោះមាន ច្រកទ្វារស្ទឹងបត់-បានណងអៀន ច្រកទ្វារព្រំដែនបាវិត។

នៅក្នុងកិច្ចប្រជុំប្រចាំខែលើកទី១០ នៃគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ​ កាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២ ដែលដឹកនាំដោយ លោក វ៉ាស៊ឹម សុរិយា មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារពាក់ព័ន្ធនៃគម្រោង និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

លោក វ៉ាស៊ឹម សុរិយា បានស្នើឱ្យក្រុមការងារទាំងអស់ ពិសេសក្រុមការងារធ្វើឱ្យប្រសើរឡើងច្រក ទ្វារព្រំដែនស្ទឹងបត់ បន្តតាមដានវឌ្ឍនភាពគម្រោងស្ថានីយស្ទឹងបត់ សហការជាមួយទីភ្នាក់ងារ JICA រៀបចំកិច្ចប្រជុំអនឡាញជាមួយភាគីថៃពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានគយស្រុកអារញ្ញប្រាថេត។ លោក បានបញ្ជាក់ថា ដើម្បីបន្តជជែករៀបចំការបើកបណ្តោះអាសន្នច្រកទ្វារស្ទឹងបត់-បានណងអៀន។

លោក បានបន្តទៀតថា ការងារនេះគួរពិភាក្សា និងសហការជាមួយគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងអញ្ជើញចូលរួមប្រជុំ។

បើតាមកិច្ចប្រជុំនេះ លោក វ៉ាស៊ឹម សុរិយា បានស្នើឱ្យក្រុមការងារបន្តទំនាក់ទំនង និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តស្វាយរៀងជំរុញការអនុវត្តគម្រោងដែលមានស្រាប់ និងជួបពិភាក្សាអំពីតម្រូវការក្នុងការ ធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងស្នើពិចារណាជំរុញការរៀបចំច្រកទ្វារព្រំដែនថ្មី និងចំនុចតភ្ជាប់ផ្លូវល្បឿនលឿន ដែលភាគីទាំងពីរកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ឆ្នាំ២០១៦កន្លងទៅ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាព ដែលត្រូវអនុវត្តបន្ត នៅខែបន្ទាប់ បញ្ហាប្រឈមនានា សំណូមពរ និងដំណោះស្រាយ និងដើម្បីពិភាក្សាទៅលើលទ្ធផលរំពឹង ទុកចំនួន៦រួមមាន៖

១-ការតាមដានត្រួតពិនិត្យ និងរៀបចំផែនការមេស្តីពីពហុមធ្យាបាយ និងភស្តុភារ កម្មកម្ពុជា, ២-ការរៀបចំរបាយការណ៍ឆ្នាំ និងសិក្ខាសាលាផ្សព្វផ្សាយ, ៣-ការរៀបចំគោលនយោបាយជាតិ និងផែនការសកម្មភាពអនុវិស័យមួយចំនួន (ផែនការសកម្មភាពដឹកជញ្ជូនស្តីពីការផ្លាស់ប្តូរអាកាសធាតុ ភស្តុភារកម្មបៃតង ប្រព័ន្ធត្រជាក់ គោលការណ៍ណែនាំរៀបចំមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ទំនើប កម្មរថយន្តដឹកទំនិញ)

៤-ការត្រួតពិនិត្យ និងតាមដានគម្រោងភស្តុភារកម្ម និងការប្រមូលវិភាគទិន្នន័យ, ៥-ការរៀបចំវែបសាយ និងទស្សនកិច្ចសិក្សា ភស្តុភារកម្មឆ្លងកាត់ព្រំដែន និង៦-ការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពសកម្មភាពការងារពាក់ព័ន្ធនឹងផលរំពឹងទុកទាំង៦ខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពក្រុមការងារ និងជំនាញការទីភ្នាក់ងារ JICA ដែលបានអនុវត្តការងារទទួលបាននូវវឌ្ឍនភាពល្អប្រសើរ។

អង្គប្រជុំបានស្តាប់ និងពិភាក្សាផងដែរអំពីវឌ្ឍនភាពការងារធ្វើឱ្យប្រសើរឡើងច្រកទ្វារអន្តរជាតិពាក់ព័ន្ធនឹងការអនុវត្តការងារពង្រីកផ្លូវថ្នល់ ការស្នើភាគីវៀតណាមរៀបចំពង្រីកទីលានបេតុងសម្រាប់ចតយានយន្ត។ល។ ក្នុងតំបន់ទ្រនាប់ស្ថិតនៅចន្លោះអគារស្ថានីយច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ការរៀបចំកិច្ចប្រជុំរវាងរដ្ឋបាលខេត្តស្វាយរៀង និងខេត្តតៃនិញ ប្រទេសវៀតណាម។ល។

ការងារពង្រីកផ្លូវថ្នល់ក្នុងតំបន់ទ្រនាប់ ស្ថិតនៅចន្លោះអគារស្ថានីយច្រកទ្វារព្រៃវល្លិ។ ការរៀបចំសាងសង់ការិយាល័យកុងតឺន័រ និងចាក់បេតុងចំណតរថយន្តក្នុងតំបន់ច្រកទ្វារព្រំដែនស្ទឹងបត់ ដែលគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)