Register Already an agent ? Login

រោងចក្រផ្គុំដំឡើងទោចក្រ-ត្រីចក្រយានយន្ត របស់កូរ៉េលើដី ២ហិកតា នៅខេត្តកណ្ដាល បានដាក់ឱ្យដំណើរការ

កណ្ដាល៖ រោងចក្រផ្គុំដំឡើងត្រីចក្រយានយន្ត និងទោចក្រយានយន្តប្រើថាមពលអគ្គិសនី (អាគុយ) ក្រុមហ៊ុន ONION MOBILITY CO., LDT របស់ប្រទេសកូរ៉េ នៅតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

គម្រោងវិនិយោគបង្កើតរោងចក្រនេះ ចំណាយដើមទុនប្រមាណ ២០លានដុល្លារ ស្ថិតលើផ្ទៃដីចំនួន ២ហិកតា ដែលជាការចូលរួមចំណែកបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ៥០០កន្លែង នៅឆ្នាំ២០២៥។

ជាពិសេសបានចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈការបង្កើនការប្រើប្រាស់យានយន្តមិនបញ្ចេញផ្សែង ឬមិនបញ្ចេញសារធាតុបំពុលខ្យល់ នៅកម្ពុជា។

លោក Kay Woo ស្ថាបនិក និងនាយកប្រតិបត្តិ ONION MOBILITY CO., LDT បានមានប្រសាសន៍ថា យើងកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូលរាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។

លោក បានបន្តថា យើងកំពុងបន្តសិក្សាដើម្បីអនុវត្តឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តផ្លាស់ប្តូរកម្ពុជាទាំងមូលឱ្យក្លាយជាប្រទេសដែលនាំមុខគេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី និងជំរុញការផលិតឲ្យដល់ ៣០០០គ្រឿងតាមផែនការសម្រាប់ឆ្នាំ ២០២២-២០២៣។

លោក បានមានប្រសាសន៍បន្តឱ្យដឹងថា បច្ចុប្បន្ន បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយចំនួន ៣កន្លែង និងអនុស្ថានីយដៃគូចំនួន ៦កន្លែង សរុបរួមមាន ១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការរធ្វើដំណើរតាមទូរសព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេ នៅកម្ពុជា។ ថ្មីៗនេះជាមួយកំណើននៃការគាំទ្រដ៏ច្រើនកាលពី ពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជា ដែលស្រឡាញ់បរិស្ថាន ចាប់តាំងពីដាក់ឱ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធី TADA កាលពីពេលកន្លងមក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)