Register Already an agent ? Login

វឌ្ឍនភាពគម្រោង សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចលទ្ឋផលបានជាង ៧៣% នឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចលទ្ឋផលបាន ៧៣.៧០% គិតត្រឹមថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២។ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជនីភ្នំពេញ។

ផ្លូវក្រវាត់ក្រុង១ខ្សែនេះ មានប្រវែងសរុបប្រមាណ ៥២.៩គីឡូម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ជាប្រភេទផ្លូវបេតុងអារមេ កម្រាស់ ២២សង់ទីម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២៧៣លានដុល្លារ ដែលជាកម្ចីពីប្រទេសចិន។

ផ្លូវនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំមួយ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១។ លើសពីនេះ ផ្លូនេះក៏តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។ បើតាមការលើកឡើងរបស់មន្ត្រីរបស់ក្រសួងដឹកជញ្ជូនកន្លងមក។

ទន្ទឹមនឹងនេះ ផ្លូវក្រវាត់ក្រុងទី៣ ក៏នឹងជួយសម្រួលការដឹកជញ្ជូន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងព័ស្តុភារកម្មតំបន់ ហើយពិសេសបំផុតគឺប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ព័ស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពលផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ នឹងកាន់តែមានកំណើនខ្ពស់ ក្រោយបញ្ចប់ការសាងសង់ នាពេលខាងមុខ។ ក្រោយពីផ្លូវនេះមានបញ្ចប់ការកសាងរួចរាល់ហើយ តម្លៃដីធ្លីនៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ នេះអាចមានការកើនឡើងរហូតដល់២០ ទៅ៣០ភាគរយ ធៀបនឹងពេលបច្ចុប្បន្ន។

សម្រាប់វិស័យអចលនទ្រព្យការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ គឺបានបញ្ជាក់ថាវិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លាដែលទាមទារឱ្យពង្រីកទំហំក្រុងបន្ថែមទៀតដើម្បពង្រីកទំហំវិនិយោគឱ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះនឹងជម្រុញទាំងចំនួននិងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឱ្យកើនឡើងផងដែរ។

សូមរម្លឹកថា ផ្លូវក្រវ៉ាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ២០២២នេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងសិក្សាផ្លូវក្រវាត់ក្រុងទី៤ ដែលនឹងមានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងខេត្តព្រៃវែង។ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្មីៗនេះថា ការសិក្សាក្នុងដំណាក់កាលកែសម្រួលនៅឡើយ ហើយក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)