ភ្នំពេញ៖ ក្នុងខែមេសា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ៩៦០,៩៥ប៊ីលានរៀល (ប្រមាណ២៣៧,២៧លានដុល្លារ) ស្មើនឹងជិត ៩% នៃផែនការប្រចាំឆ្នាំ២០២២។ បើតាមការថ្លែងរបស់ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០២២ លោក គង់ វិបុល បានថ្លែងបញ្ជាក់ថា «ក្នុងខែមេសា ឆ្នាំ២០២២ ចំណូលពីប្រភពសំខាន់ៗចំនួន៤ បានរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងខែមេសា ឆ្នាំ២០២១ ក្នុងរង្វង់ ៨០% ទៅ៩០%»។
លោក បានបន្តទៀតថា ក្នុងនោះរួមមាន៖ ពន្ធលើប្រាក់ចំណូល ៨១,៩៨%, អាករលើតម្លៃបន្ថែម ៨៤,៤៤%, ពន្ធលើប្រាក់បៀវត្ស ៨៥,៥៥% និងពន្ធប្រថាប់ត្រាលើផ្ទេរកម្មសិទ្ធិអចលនួទ្រព្យ ៧៧,៣៣% ខណៈ ដែលកំណើនខ្ពស់ សម្រាប់ចំណូលអការពិសេស ១១០,៥៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១១៤,៦០%។
កំណើននៃចំណូលពន្ធទាំង ៦ប្រភេទខាងលើនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចបានការប្រមូល ពន្ធ-អាករគ្រប់ប្រភេទ ចំនួន ២៣៧,២៧លានដុល្លារ នៅក្នុងខែមេសា។ បើតាមការបញ្ជាក់បន្ថែមរបស់ លោក គង់ វិបុល។
ដោយឡែក គិតចាប់ពីខែមករាដល់ខែមេសា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករចូលជាតិបានជាង ១ ៥០១លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង៥៣,២៧ភាគរយនៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប២ ៨១៩,៥៤លានដុល្លារ។
ដើម្បីសម្រេចផែនការប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែម(VAT), ពង្រឹងការគ្រប់គ្រងនិងតាមដានលើលិខិតប្រកាសពន្ធរបស់សហគ្រាស...ជាដើម។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ នឹងសិក្សាពីវិធានការបំពាក់GPS និងFRID លើរថយន្តដឹកជញ្ជូន ក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ និងម្រួលការផ្តល់សេវាជូនអ្នកជាប់ពន្ធ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)