ភ្នំពេញ៖ រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំងទាំងបែបទូលាយ និងបែបជម្រៅ ក្នុងនោះព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីកពី ៣០០ ទៅ ៦៩២.៤៦គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់។ នេះបើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងពិធីបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោក ឃួង ស្រេង បានថ្លែងបន្តថា ទន្ទឹមនឹងនេះ សម្តេច ជោ ហ៊ុន សែន បានតម្រង់ទិសនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញ ឱ្យយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះ ៣យ៉ាងសំខាន់។
លោក ឃួង ស្រេង បានថ្លែងបន្តទៀតថា កត្តាទាំង៣ របស់សម្ដេចតេជោ រួមមាន៖ ទី១-ការកកស្ទះចរាចរណ៍, ទី២-ការកកស្ទះ លូ-ប្រឡាយ និងទី៣-ការកកស្ទះសំរាម។ លោក បាបគូសបញ្ជាក់ថា ព្រោះថាជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង ទីក្រុងកាន់តែរីក ប្រជាជនកាន់តែច្រើន សម្ភារប្រើប្រាស់កាន់តែសំបូរបែប ដូច្នេះការផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋក៏ត្រូវមានការកើនឡើងដោយជៀសមិនរួច។
យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគូប ក្នុង១ឆ្នាំ និងមានការកើនឡើងជាលំដាប់។ នេះបើតាមការថ្លែងបន្ថែម របស់ លោក ឃួង ស្រេង បានបន្ថែមទៀត តាមការប៉ាន់ស្ទាន នៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ម៉ែត្រគូប ក្នុង១ឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង។ ដូច្នេះទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស។
លោក បានគូសបញ្ជាក់ទៀតថា «រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់និងមានសារសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់បងប្អូនប្រជាពលរដ្ឋ»។
ក្នុងនោះគម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ចំនួន ៣ រួមមាន៖ ទី១-អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ, ទី២-អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និងទី៣-អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។ បើតាមការលើកឡើងបន្ថែមទៀតរបស់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
លោក ព្យែរ ប៊ែយ៉េ ដែលបានចូលរួមជាអធិធិបតីនៅក្នុងពីខាងលើ បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយធ្វើឱ្យប្រសើរឡើង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយបំរែលបំរួលអាកាសធាតុ។ សំណល់ភក់បង្គន់នេះនឹងប្រែក្លាយទៅជាជីសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)