Register Already an agent ? Login

កម្ពុជា-បារាំង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការអភីវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការត្រៀមបំរុងសំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមាន​ចីរភាព។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា រម្លឹកថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគម AIMF លើកទី៤០ នៅរាជធានីភ្នំពេញ។ លោក បានបន្តថា នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងដែលជាសមាជិកសមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុងដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

សូមរម្លឹកថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ១៩៩០ និងបានក្លាយជាសមាជិកការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន៣០៧ មានតែសមាជិកចំនួន ២៧រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅការិយាល័យអចិន្ត្រៃយ៍នេះ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ AIMF ដឹកនាំដោយលោកព្យែរ ប៊ៃយ៉េ ធ្វើឡើងគោលបំណងចំនួន៣ ដែលមានដូចជា៖

១- ការអនុម័តលើការងារនៃគម្រោងកិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការយុទ្ធសាស្ត្ររបស់សមាគម AIMF ជាមួយសហភាពអឺរ៉ុប។  ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រដែលបានរៀបចំតាក់តែង និងអនុម័តដោយរដ្ឋបាលរាជធានីភ្នំពេញ។

២- ការពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន។

៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា៖ ជំនួបជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហភាពអឺរ៉ុប ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប និងស្ថានទូតបារាំងប្រចាំកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)