ភ្នំពេញ៖ កម្ពុជា ជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលបានចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig ប្រទេសអាឡឺម៉ង់។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន៦៣ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤នៃITFនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ បើតាមការបន្តរបស់ក្រសួងដឹកជញ្ជូន។
លោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានថ្លែងសូមស្វាគមន៍ប្រទេសកម្ពុជា ជាសមាជិករបស់ ITF ហើយសង្ឃឹមថាប្រទេសដ៏ទៃទៀតនៅក្នុងតំបន់អាស៊ីអគ្នេយ៍នឹងចូលរួមជាសមាជិក ITF ផងដែរ។
អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ បានថ្លែងបញ្ជាក់ថា ITF បានត្រៀមខ្លួនជាស្រេចក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងគោលនយោបាយដឹកជញ្ជូននិងភស្តុភារកម្ម ដើម្បីសម្រេចគោលដៅរបស់ខ្លួនដូចមានចែងនៅក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ស៊ុន ចាន់ថុល បានសំដែងមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃITF ជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅប្រទេសកម្ពុជា។
នាឱកាសនោះ លោក ឡេង ធនយុទ្ធា បានថ្លែងបញ្ជាក់ថា «ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់ ជាទុនដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន»។
លោក រដ្ឋលេខាធិការ បានបន្ថែមថា លើសពីនេះកម្ពុជានឹងទទួលបាន នូវការគាំទ្រពីប្រទេសជាសមាជិក និងលេខាធិការដ្ឋាននៃអង្គការវេទិកាដឹកជញ្ជូនអន្តរជាតិទាំងក្នុងក្របខណ្ឌបច្ចេកទេស និងក្របខណ្ឌគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)