សៀមរាប៖ ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ប្រវែង ៣៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ ត្រូវបានតភ្ជាប់ទាំងស្រុង។
អាកាសយានដ្ឋាននេះ គ្របដណ្តប់លើផ្ទៃដីចំនួន ៧០០ហិកតា ជាមួយនឹងដីអភិវឌ្ឍន៍អាជីវកម្មដែលនៅជុំវិញមានផ្ទៃដីចំនួន ១០០០ហិកតា និងផ្លូវថ្នល់ប្រើប្រាស់ ជាពិសេសនៅក្នុងអាកាសយានដ្ឋានដែលមានប្រវែង ២៤.៥គីឡូម៉ែត្រ ផ្សេងទៀតត្រូវបានចាត់ទុកជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋានដែលអាចដំណើរការដោយឯករាជ្យ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣។
ក្នុងអំឡុងពេលនៃការសាងសង់ វិស្វករបានជម្នះលើផលប៉ះពាល់មិនអំណោយផលដូចជា ជំងឺកូវីដ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ កង្វះខាតរូបធាតុ និងរយៈពេលយូរក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាដើម បាននាំយកឧបករណ៍បរិក្ខាជំនាញ បានជួយលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការដ្ឋានគួរឱ្យកត់សម្គាល់ និងព្រមទាំងសម្រេចបានការងារមុនពេលកំណត់។
គម្រោងនេះ ត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣ គឺក្រុមហ៊ុន Yunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និងក្រុមហ៊ុនYunnan Airport Group។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កន្លងបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលវិនិយោគដោយប្រទេសចិននឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា នៅពេលវាដំណើរការនៅចុងឆ្នាំ២០២៣។ សម្ដេចតជោ បានបន្តថា អាកាសយានដ្ឋានអន្តរជាតិខ្នាតធំនេះ នឹងជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងតំបន់ភាគខាងជើងរបស់យើង រួមមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ។
សម្ដេចតជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា ការសាងសង់ព្រលានយន្តហោះថ្មីនេះ គឺដើម្បីឆ្លើយតបនឹងកំណើនទេសចរបរទេស ដែលមកទស្សនាឧទ្យានបុរាណអង្គរ ក្រោយសម័យរាតត្បាតជំងឺកូវីដ-១៩ ហើយវានឹងអាចទទួលអ្នកដំណើរបាន ៧លាននាក់ក្នុង១ឆ្នាំៗ ក្នុងដំណាក់កាលទី១។ ព្រលានយន្តហោះនេះកំពុងត្រូវបានបង្កើតឡើងក្រោមគម្រោងសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-operate-transfer-BOT) រយៈពេល ៥៥ឆ្នាំ ដែលក្នុងនោះ ៥ឆ្នាំសម្រាប់ការសាងសង់ និង ៥០ឆ្នាំសម្រាប់ប្រតិបត្តិការអាជីវកម្ម។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា មកដល់ការសាងសង់ចំណតអ្នកដំណើរសម្រេចបាន ២០%។ លោក បានបន្តថា គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់ទាំងស្រុងក្នុងខែមីនា ឆ្នាំ២០២៣ហើយដាក់ឱ្យប្រើប្រាស់នៅខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីរយៈពេលប្រាំមួយខែសម្រាប់ការស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព និងការសាកល្បងប្រព័ន្ធអាកាសយានដ្ឋានទាំងមូល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)