ភ្នំពេញ៖ នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៥,១ ភាគរយ ដោយសារការបន្តងើបឡើងវិញ លឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ។ បើតាមប្រសាសន៍របស់ លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងជំនួបខាងលើ លោក Alasdair Scott បានមាប្រសាសន៍បញ្ជាក់ថា ទន្ទឹមនឹងការព្យាករដ៏ប្រសើរនេះ កម្ពុជាក៏ប្រឈមនូវហានិភ័យមួយចំនួន ដែលអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនេះផងដែរ។ លោក បានបន្តថា កំណើននេះ គឺអាចប្រឈមនឹងហានិភ័យ ព្រោះតែការកើនឡើងខ្ពស់នៃអត្រាអតិផរណា សង្រ្គាមរុស្សី-អ៊ុយក្រែន ការធ្លាប់ចុះនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍។
បញ្ហាប្រឈមដែលប៉ះពាល់កំណើនសេដ្ឋកិច្ចកម្ពុជានោះ គឺមានការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក។ បើតាមការបន្ថែមរបស់ លោក Alasdair Scott។
នាឱកាសនោះ ប្រធានក្រុមបេសកកម្មរបស់ IMF បានបញ្ជាក់ថា នឹងបន្តគាំទ្របន្ថែមដល់កម្ពុជា ជាជំនួយបច្ចេកទេស និងការណែនាំនៃគោលនយោបាយចាំបាច់នានា ដើម្បីរក្សាលំនឹងនៃកំណើនសេដ្ឋកិច្ច។
បើតាមជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានកត់សម្គាល់មានលក្ខណៈស្រដៀងនឹង IMF លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើដល់ក្រុមការងារ IMF ពិនិត្យមើលលើបញ្ហានៃការកើនឡើងនៃអត្រាអតិផរណា ដោយសារសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ដែលជះឥទ្ធិពលមកសេដ្ឋកិច្ចកម្ពុជា។ លោក បានបន្ថែមថា ជាពិសេសវិស័យកសិកម្ម ព្រមទាំងការកើនឡើង នៃឥណទានក្នុងវិស័យឯកជន និងហានិភ័យមួយចំនួនទាក់ទងវិស័យសំណង់ និងអចលនទ្រព្យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)