Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ៤ខែឆ្នាំ២០២២ មានទឹកប្រាក់ជាង ២០០លានដុល្លារ កើនជិត៣៥%ធៀបឆ្នាំ២០២១

ភ្នំពេញ៖ ការនាំចេញ នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ​ចាប់ពី​ខែមករា ដល់​ខែមេសា មាន​តម្លៃ​សរុប ២០៥.១៧​លាន​ដុល្លារ កើនឡើង​ពី​ចំនួន ១៥២.៩២​លាន​ដុល្លារ កើន​៣៤,៧ ​ភាគរយ ធៀបទៅនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ការនាំចេញ​ទំនិញ​ពី​កម្ពុជា ​ទៅ​ម៉ាឡេស៊ី​ មានតម្លៃ​ជាង ៣៥.១៦​លាន​ដុល្លារ ធ្លាក់ចុះ -១,៩% និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មកវិញ មានតម្លៃ​ជាង ១៧០​លាន​ដុល្លារ កើនឡើង ៤៦%​។ បើតាមរនបាយការណ៍ខាងលើ បានបន្តថា តាមរយៈ​តួលេខ​នេះ​បង្ហាញថា ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា ​មាន​ឱនភាព​ប្រមាណ -១៣៤.៨៤​លាន​ដុល្លារ ​ធៀប​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។

លោក ហុង វណ្ណៈ បានលើកឡើងថា ជាធម្មតា​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​នីមួយៗ បញ្ហា​ឱនភាពនិង​ឧត្តមភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​តែងតែ​កើតមាន ដោយ​ប្រទេស​ខ្លះ​មាន​តម្រូវការ​ខ្ពស់​ចំពោះ​ផលិតផល​អ្វីមួយ​ដែល​ប្រទេសមួយ​ផ្សេងទៀត​ផលិត​បាន និង​ប្រទេស​ខ្លះ​ត្រូវការ​នាំចូល​ធនធាន​ធម្មជាតិ ឬ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​ ដើម្បី​មក​ផលិត​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ​។

​លោក ហុង វណ្ណៈ អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានលើកឡើងបន្តថា ចំពោះ​ជញ្ជីងពាណិជ្ជកម្ម​នេះ​យើង​ឃើញ​មាន​ឱន​ភាន​ភាពខ្លាំង ប៉ុន្តែ​វា​មិនមែន​មានន័យថា កម្ពុជា​នាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ទាំងអស់​នោះទេ ព្រោះ​ការនាំ​ចូល​មួយចំនួន គឺ​សម្រាប់​ជា​ធាតុ​ផ្សំ ឬ​ផ្នែក​គ្រឿង​ម៉ាស៊ីន សម្រាប់​បម្រើឱ្យ​ការផលិត​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

ប្រទេស​ម៉ាឡេស៊ី ​តែង​ទិញ​ផលិតផល​កសិកម្ម​មួយចំនួន​ពី​កម្ពុជា​មានដូចជា អង្ករ ដូងប្រេង និង​ម្រេច ជាដើម​។ ក្រៅពីនោះ​ក៏មាន ក្រណាត់ និង​ផលិតផល​ឧស្សាហកម្ម​មួយចំនួន​ទៀត​។ បើតាមការលើកឡើងបន្ថែមរបស់ លោក ហុង វណ្ណៈចំណែក​ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​មានដូចជា គ្រឿងបន្លាស់​រថយន្ត អាហារ និង​ភេសជ្ជៈ និង​ឧបករណ៍​អេឡិចត្រូនិក​មួយចំនួន​។

គូសបញ្ជាក់ថា របាយការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ឆ្នាំ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ និងម៉ាឡេស៊ី មាន​ទឹកប្រាក់​ជាង ៥០០លាន​ដុល្លារ កើនឡើង ១៣.១៤% ​បើ​ធៀបទៅ​នឹង​ឆ្នាំ២០២០​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា ​ទៅ​ម៉ាឡេស៊ី​ មាន​តម្លៃ​ជាង ១០១លាន​ដុល្លារ ​កើន ២.៦២% និង​ការនាំ​ទំនិញ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា​មានតម្លៃ​ជាង ៣៩៩លាន​ដុល្លារ កើន ១៦.១៦%៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)