តាកែវ៖ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍន៍ ដោយរាជរដ្ឋាភិបាល បានទទួលមកវិញនូវដី ១,១២២ហិកតា នៅតំបន់ផ្សេង។
បើតាមលិខិតខាងលើ បានជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តតាកែវថា រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ដោះដូរដីចំនួនពីរទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលមានទំហំសរុប ៨០០ហិកតា ឱ្យទៅក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល។ តាមរយៈការដោះដូរនេះ រាជរដ្ឋាភិបាលទទួលបានដី ១,១២២ហិកតា ជាថ្នូរត្រឡប់មកវិញ។
ទីតាំងដោះដូរទី១ មានទំហំ ៣០០ហិកតា គឺជាទីតាំងដីស្ថានីយចិញ្ចឹមគោពូភ្នំតាម៉ៅដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ សម្រាប់ការដោះដូរទីតាំងទី១នេះ រាជរដ្ឋាភិបាលទទួលបានដី ៤០០ហិកតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ អគារស្នាក់នៅ ក្រោលគោ ឃ្លាំងចំណីសត្វ ឃ្លាំងសម្ភារ កន្លែងសម្លាប់មេរោគ គ្រឿងសង្ហារិម ប៉ុស្តិ៍យាម រថយន្ត Van ១គ្រឿង រថយន្ត Pick Up ៥គ្រឿង ត្រាក់ទ័រ ៤គ្រឿង និងទោចក្រយានយន្ត ៥០គ្រឿង ។ល។
ចំណែកទីតាំងទី២ ដែលមានទំហំ ៥០០ហិកតា គឺជាទីតាំងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ ការប្រគល់តំបន់ដី ៥០០ហិកតានេះ ទៅឱ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី ២ន្លែង ដោយតំបន់ដី ១កន្លែង មានទំហំ ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី ១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា (៤៧២,៨០៩ហិកតា) ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ដី ២៥០ហិកតា នៅខេត្តសៀមរាប រាជរដ្ឋាភិបាលនឹងបង្កើតសួនសត្វ Safari Angkor ខណៈ ដីនៅខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលនឹងបង្កើតសួនភូតគាម មណ្ឌលគិរី។ បន្ថែមលើដីទាំងពីរទីតាំងនេះ រដ្ឋាភិបាលក៏ទទួលបានយានយន្ដរាប់សិបគ្រឿងបន្ថែមទៀតផងដែរ។
គូសបញ្ជាក់ថា លិខិតពីទីស្តីការគណៈរដ្ឋមន្រ្តីខាងលើ ពុំបានបញ្ជាក់ថា តំបន់ដីសរុប ១,១២២ហិកតា ដែលរដ្ឋាភិបាលទទួលបាននោះ គឺជាតំបន់ដីរបស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល នោះទេ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការដោះដូរដីនៅតំបន់ភ្នំតាម៉ៅជាមួយខាងលើនេះមិនបានប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានទំហំជាង ៤០០ហិកតា និងមានរបងព័ទ្ធជុំវិញជាង ៨គីឡូម៉ែត្រ និងមានហេដ្ឋារចនាសម្ព័ន្ធនានាដែលបានអភិវឌ្ឍកន្លងមកនោះទេ។
លោក បានបញ្ជាក់ ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្ត្រនានា ជំរុញនិងកែលម្ផឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅឱ្យមានការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)