ស្វាយរៀង៖ ការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទចំនួន ២ខ្សែ នៅខេត្តស្វាយរៀង មានប្រវែងសរុប ៣៤.១៣គីឡូម៉ែត្រ សម្រេចបាន ៦០%ហើយ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ បើតាមក្រសួងអភិវឌ្ឍន៍ជនបទ។
ផ្លូវទាំងពីរខែ្សនេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអញ្ជើញទៅពិនិត្យ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
- ខ្សែទី១៖ ប្រវែង ៩.១៧០គីឡួម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ចក ទៅដល់ភូមិពងទឹក ឃុំពងទឹកស្រុករំដួល សម្រេចបាន ៥៣% គ្រោងបញ្ចប់ការស្ថាបនានៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។
- ខ្សែទី២៖ ប្រវែង ២៤.៩៦០គីឡូម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគាវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង សម្រេចបាន ៦០% គ្រោងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៣។
គូសបញ្ជាក់ថា ខេត្តស្វាយរៀងទទួលបានផ្លូវចំនួន ៤ខ្សែប្រវែងសរុប ៥៧.២០០គីឡូម៉ែត្រ ដែលជាគម្រោងស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ អនុវត្តនៅខេត្តគោលដៅទាំង១០ ដោយស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែងសរុបជាង ៧២៤គីឡូម៉ែត្រ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ។
គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០លានដុល្លារ ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)