បន្ទាយមានជ័យ៖ រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ដែលទទួលបានសំណងពីផលប៉ះពាល់ពីគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ផ្នែកចុងបញ្ចប់) ស្ថិតនៅចំណុចក្រុងសិរីសោភ័ណ ដល់ក្រុងប៉ោយប៉ែត ត្រូវរុះរើសំណង់នានាដែលបានសាងសង់នៅលើចំណីផ្លូវជាតិនេះ ឱ្យបានមុនការស្ថាបនាផ្លូវបានមកដល់។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ចុះហត្ថលេដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលទើបតែចេញថ្មីៗនេះ បានបញ្ជាក់ថា «នេះជាការជូនដំណឹងលើកទី២ ក្នុងករណី សាធារណជន អាជីវករ ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់មិនគោរពតាមការជូនដំណឹងនេះ រដ្ឋបាលខេត្ត មិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ»។
តាមសេចក្តីជូនដំណឹងលើកទី២ របស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានលើកឡើងថា អាជីវកម្ម ក្រុមហ៊ុន អង្គភាព ពាក់ព័ន្ធនានា និងប្រជាពលរដ្ឋទាំងអស់ដែលបានសាងសង់សំណង់ផ្សេងៗដូចជា៖
ស្លាកយីហោ ផ្ទះសំបែង តូបលក់ដូរ និង សម្ភារ ឧបករណ៍ដែលប្រើប្រាស់លើដី និងក្រោមដី នៅលើចំណីផ្លូវជាតិលេខ៥ ដែលរងផលប៉ះពាល់ ដោយសារគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ (ផ្នែកចុងបញ្ចប់) សិរីសោភ័ណប៉ោយប៉ែត បច្ចុប្បន្ន រដ្ឋបាលខេត្តបានពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួនធំបានរុះរើសំណង់ផ្សេងៗរួចហើយ ប៉ុន្តែបងប្អូនមួយចំនួនតូចពុំទាន់រុះរើនៅឡើយទេ ទោះទទួលបានសំណងរួចហើយក្ដី។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៥ ដែលជាកំណាត់ចុងក្រោយ តភ្ជាប់ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត មានប្រវែង ៣៥គីឡូម៉ែត្រ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២២ ដោយគ្រោងប្រើថវិកាប្រមាណ ៥០លានដុល្លារ ដែលជាឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)