ភ្នំពេញ៖ រយៈពេល ៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២២ កម្ពុជានាំចេញស្រូវនិងអង្ករទីទីផ្សារអន្តរជាតិទទួលបានចំណូល ៥១៦.២១លានដុល្លារ ក្នុងនោះ ស្រូវចំនួន ១,៦៤៨,៤៧៤តោន ទឹកប្រាក់ ៣៧៦,៦៤លានដុល្លារ និងអង្ករចំនួន ២២១,១៣៨តោន ទឹកប្រាក់ ១៣៩,៥៧លាន កើនឡើង ១៤,៨៨%។ បើតាមរបាយការណ៍ចេញដោយ សហព័ន្ធស្រូវអង្ករកម្ពុជា។
អង្ករដែលបាននាំចេញរួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមាន ចំនួន ៦៧.១២% , អង្ករស ចំនួន ៣០.១៣% , អង្ករចំហុយចំនួន ១.០៧% និងអង្ករសរីរាង្គចំនួន ១.៦៨%។ បើតាមការបញ្ជាក់របស់ សហព័ន្ធស្រូវអង្ករកម្ពុជា។
គូសបញ្ជាក់ថា ក្រុមហ៊ុនចំនួន៤៨ បាននាំចេញទៅកាន់គោលដៅចំនួន ៥៤ប្រទេស។ កម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវបាន ចំនួន ១១៥,២៥៥តោន ឈរនៅលេខរៀងទី១ ឬស្មើនឹង ៥២,១២%នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២,៧៤លានដុល្លារ ខណៈតំបន់អឺរ៉ុបមានបរិមាណ ៦៨,៥៥៥ តោន ឬស្មើនឹង ៣១% ទទួលបានទឹកប្រាក់ចំនួន ៥១,០២ លានដុល្លារ។
ចំណែក ការនាំចេញស្រូវក្នុងរយៈពេល ៤ខែនេះ តាមរយៈការឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាម មានចំនួន ១,៦៤៨,៤៧៤តោន ទទួលបានទឹកប្រាក់ប្រមាណ ៣៧៦.៦៤ លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)