ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៥២គម្រោង ដែលមានតម្លៃជាង ២,៤៦ពាន់លានដុល្លារ។ តាមរបាយការណ៍របស់ CDC បានបញ្ជាក់ថា ៤ខែកន្លងមកនេះ អនុម័តលើគម្រោងរោងកាត់ដេរសម្លៀកបំពាក់ ស្បែកជើង រោងចក្រដំឡើងរថយន្ត រោងចក្រអេឡិចត្រូនិក រោងចក្រកែច្នៃនិងការវេចខ្ចប់ផ្លែឈើ សណ្ឋាគារ មន្ទីរពេទ្យ និងគម្រោងផ្សេងៗទៀត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន គឺជាគន្លឹះក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា។
បើលោក លឹម ហេង ដែលបានថ្លែងប្រាប់ទៅគេហទំព័រ propertyarea.asia ថា ទោះក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជានៅតែបានទាក់ទាញទុនវិនិយោគយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសកម្ពុជា គឺជាគោលដៅសក្តានុពលសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ជាពិសេសសម្រាប់អ្នកវិនិយោគចិន។
លោក បានថ្លែងបន្តថា ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដ៏ជោគជ័យរបស់រដ្ឋាភិបាល កម្ពុជាបានបន្តសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ និងបើកព្រំដែនឡើងវិញ សម្រាប់អ្នកធ្វើដំណើរ ដែលចាក់វ៉ាក់សាំងពេញលេញ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ លោក បានបន្ថែមថា ជាមួយនឹងការបើកដំណើរការពេញលេញឡើងវិញ ខ្ញុំជឿជាក់ថាលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានឹងបន្តកើនឡើង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)