Register Already an agent ? Login

ADB និង AFD បានផ្ដល់ហិរញ្ញប្បទាន ១០០លានដុល្លារ អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រកោះកុង ព្រះសីហនុ កំពត និងកែប

កែប៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងភ្នាក់ងារអភិវឌ្ឍបារាំង (AFD) បានផ្ដល់ហិញ្ញប្បទាន ១០០លានដុល្លារ អភិវឌ្ឍន៍តំបន់ឆ្នេរក្នុងខេត្តសំខាន់ៗ ចំនួន៤ គឺកោះកុង ព្រះសីហនុ កំពត និងកែប របស់កម្ពុជា តាមរយៈគម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព។

បើតាមកិច្ចប្រជុំពិភាក្សាការងារ លោក​ វ៉ៅ​ សុខា​ អភិបាល​រងខេត្តកែប ជាមួយតំណាង​ ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Saunders Lindsay  ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

កិច្ចប្រជុំពិភាក្សានេះ​ ផ្ដោតលើការចុះពិនិត្យការកសាងសមិទ្ធផលចំនួន ៤ទីតាំង ស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ក្នុងនោះក៏បានពិភាក្សាលើការកសាងចំណតទូកផ្សារក្តាម និងការកែលម្អចំណតទូករបស់ លោក កុង យន ឱ្យទៅជាផែស្តង់ដារសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ផងដែរ។

បើតាមកិច្ចប្រជុំនេះបានឱ្យដឹងថា គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាពនេះ​ បានបើកកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រួចម្តងមកហើយ ដែលនិងគ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ,​ Concessional Loan និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត គឺកោះកុង ព្រះសីហនុ កំពត និងកែប។

ក្រៅពីនេះ ADB ក៏កំពុងជួយកសាង ផ្លូវបេតុងប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ ទីលានកប់សម្រាម និងផែទេសចរណ៍នៅកោះទន្សាយ។ ផ្លូវថ្មី១ខ្សែនេះ តភ្ជាប់កំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ផ្លូវជាតិលេខ១៣៣២ នៅស្រុកដំណាក់ចង្អើរ។ ផ្លូវនេះ ប្រើថវិកាប្រមាណ ១០លានដុល្លារ និងរយៈពេលសងសង់ ២២ខែ ពោលនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២៣។

ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងអភិវឌ្ឍផ្សេងទៀត ដូចជា៖ ការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត និងការកសាងឆ្នេរកម្សាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)