កែប៖ មន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ នៅភូមិចំការចេក និងភូមិអន្ទង់សរ ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ សរុប ៣,៤៧៦ក្បាលដី។
នៅក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ នៅភូមិអន្ទង់សរ និងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២២ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រុមការងារអនុវត្តលើការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិទាំងពីរ បានចាប់ដំណើការចុះវាស់វែងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
លោក ប្រធានមន្ទីរ បានមានប្រសាសន៍បន្តថា ក្នុងនោះ ភូមិអន្ទង់សរ មានក្បាលដីសរុប ១,៤៤២ក្បាលដី ដោយបានចុះបញ្ជីតាមបទបញ្ជា០១ និងដាច់ដោយដុំចំនួន ៧០៧ក្បាលដី និងចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ចំនួន ១,២៣៥ក្បាលដី។ ដោយឡែក ភូមិចំការចេក មានក្បាលដីសរុប ២,០៣៤ក្បាលដី បានចុះបញ្ជីដាច់ដោយដុំចំនួន ១ក្បាលដី និងចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ចំនួន ២,០៣៣ក្បាលដី។
ពិធីខាងលើក្រោមធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លោក សុទ្ធ ពុទ្ធិម៉ានីន បានបន្ថែមថា ការបិទផ្សាយឯកសារវិនិច្ឆ័យនេះ មានរយៈពេល១៥ថ្ងៃ ដោយគិត ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក។
លោក ប្រធានមន្ទីបានបន្ថែមទៀតថា ក្នុងរយៈ១៥ថ្ងៃនេះ ជារយៈពេលចុងក្រោយសម្រាប់ ប្រជាពលរដ្ឋម្ចាស់ក្បាលដី និងអង្គភាពពាក់ព័ន្ធ ពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនថាតើត្រឹមត្រូវឬអត់ បើមានខុសឆ្គងប្រការណាមួយម្ចាក់ក្បាលដីត្រូវ ស្នើរសុំកែតម្រូវ បើហួសរយៈពេលបិទផ្សាយនេះ ម្ចាស់ក្បាលដីទាំងអស់មិនអាចធ្វើការតវ៉ាបានទៀតឡើយ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកែប បានមានប្រសាសន៍ថា ការអនុវត្តតាមកម្មវិធីនយោបានរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត សេដ្ឋកិច្ចសង្គមក៏មានការឈានឡើង ស្ថានភាពជីវភាពរបស់ប្រជពលរដ្ឋកាន់តែប្រសើឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក អភិបាលខេត្តបានបន្តថា រួមជាមួយការពង្រឹងការអនុវត្តច្បាប់ និងគោរពសិទ្ធមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លី ក៏បានដោះស្រាយជាបណ្តើរៗ ក្រោមការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ និងការយចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។
នាឱកាសនោះ លោក សោម ពិសិដ្ឋ បានសំណូមពរដល់បងប្អូន ដែលមានក្បាលដីស្ថិតនៅភូមិអន្ទង់ស និងភូមិចំការចេក ទាំងអស់មេតា្តចូលរួមពិនិត្យទិន្នន័យដែលបានបិទផ្សាយរយៈពេល១៥ថ្ងៃ ដែលមានទីតាំង នៅបរិវេណសាលាបឋមសិក្សាហ៊ុន សែន ចំការបី ដើម្បីធានាភាពត្រឹមត្រូវ ឬខុសឆ្គងស្នើសុំកែតម្រូវ ក្នុងករណីពិនិត្យឃើញថា ទិន្នន័យបានបិទផ្សាយពុំមានភាពជាក់លាក់ ឬមិនពេញលេញ គ្រប់សាធារណជនទាំងអស់ និងស្ថាប័នជំនាញពាក់ព័ន្ធមានសិទ្ធសុំមន្ត្រីជំនាញជួយបំភ្លឺ លើឯកសារដែលបានបិទផ្សាយជាសាធារណៈនេះ៕
ដោយ៖ មឿន ឌីណា (Moeuin Dyna)