ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ក្រសួងកំពុងសិក្សាលទ្ធភាពកែលម្អប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅកម្ពុជា ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ។
លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមនិស្សិតចំនួន ៣០០នាក់ ទៅទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្ន កម្ពុជាកំពុងតែសិក្សាសមិទ្ធិលទ្ធភាព(Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា សម្រាប់គាំទ្របន្ថែម ដល់វិស័យភស្ភុភារកម្ម(Logistics)។
លោក ទេសរដ្ឋមន្រ្តីបានបន្តថា ការសិក្សានេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យខ្ញុំ ស្វែងរកដៃគូសហការ មកអភិវឌ្ឍន៍ផ្លូវរថភ្លើងចាស់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីបម្រើការដឹកជញ្ជូនក្នុងប្រទេសផង ក៏ដូចជាតភ្ជាប់ជាមួយប្រទេសជិតខាងផង។ គម្រោងកែប្រែផ្លូវដែកចាស់ ជំនួសមកជាផ្លូវរថភ្លើងល្បឿនលឿននេះ គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ក្រោយពីទទួលបានបទបញ្ជានេះ ក្រសួង ក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុន China Railway International Group Co., Ltd តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេសរបស់ក្រសួងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ ជាមួយគ្នានោះ ក្រសួងក៏បានកំណត់រយៈពេល៣ខែឱ្យក្រុមហ៊ុនត្រួតពិនិត្យ និងសិក្សាអំពីលទ្ធភាព ដើម្បីចាប់ផ្តើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតក្នុងពេលវេលាឆាប់ៗខាងមុខនេះ។
លោក បានបញ្ជាក់ថា ខណៈដែលរថភ្លើងអាចធ្វើដំណើរតាមផ្លូវដែកបច្ចុប្បន្ន ក្នុងល្បឿនបានត្រឹមតែចម្ងាយពី២០ ទៅ៣០គីឡូម៉ែត្រប៉ុណ្ណោះក្នុង១ម៉ោង។ គម្រោងកែសម្រួលផ្លូវដែកដែលហួសសម័យនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា។
ការពិនិត្យលទ្ធភាពធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននេះ ស្របពេលកម្ពុជានិងប្រទេសថៃ កំពុងសិក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន ដើម្បីជួយសម្រួលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត។ បើតាមការលើកឡើងបន្ថែមទៀតរបស់ លោក ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ប្រទេសថៃតាមរយៈគម្រោងទាំងពីរនេះ ក៏ផ្តល់ជំនួយដែករ៉ៃ ដែលប្រើរួចប្រវែង ១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ដែលជាប្រយោជន៍សម្រាប់ប្រើប្រាស់ នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជាផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)