ភ្នំពេញ៖ វិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា មានប្រទេស៦ បានបណ្ដាក់ទុនច្រើនជាងគេ មាន ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី។ បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា មានទំហំទឹកប្រាក់ ១៦៨,៨ពាន់ពាន់លានរៀល ឬស្មើនឹង ៤១ពាន់លានដុល្លារ កើន ១១,២% ធៀបចុងឆ្នាំ២០២០។
បើតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា ប្រទេសទាំងនេះភាគច្រើនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់។ ចិន បានវិនិយោគភាគច្រើនទៅលើវិស័យកម្មន្តសាល ដែលជាវិស័យស្រូបទាញការវិនិយោគលំដាប់ទី២ បន្ទាប់ពីហិរញ្ញវត្ថុ ដែលមានប្រមាណជាង ៣០% នៃការវិនិយោគសរុបរបស់ខ្លួននៅកម្ពុជា។
កំណើនការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាកាលពីឆ្នាំ២០២១ គឺជាលទ្ធផលដែលគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសប្រមុខរដ្ឋាភិបាលដែលតែងកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានបន្តថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាំងមុនពេលកូវីដ-១៩ រហូតមកដល់ពេលនេះភាគច្រើនបានពីការវិនិយោគផ្ទាល់ពីក្រុមហ៊ុនចិន។
លោក បានបន្តទៀត ក្រៅពីរាជធានីភ្នំពេញ វិនិយោគិនចិន ក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុតាមរយៈការវិនិយោគទៅលើវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀត ដែលជួយឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការល្អ។
លោក លឹម ហេង បានលើកឡើងបន្ថែមថា បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង យើងឃើញថា ជប៉ុនជាប្រទេសដែលមានលទ្ធភាពច្រើនក្នុងការវិនិយោគផ្ទាល់នៅកម្ពុជា។ មួយទៀតប្រទេសឥណ្ឌា ក៏មានសេដ្ឋកិច្ចធំ និងរីកលូតលាស់ដែលអាចឱ្យយើងចាប់យកឱកាសវិនិយោគជាមួយប្រទេសនេះបាន ខណៈថ្នាក់ដឹកនាំប្រទេសយើងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាផងដែរ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត្តានេះធ្វើឱ្យអ្នកវិនិយោគពីបរទេសបង្វែរការចាប់អារម្មណ៍មកប្រទេសកម្ពុជា និងបានសុំសិទ្ធិវិនិយោគនៅកម្ពុជាដោយផ្ទាល់ ដែលនេះជាការលើកទឹកចិត្តពលរដ្ឋកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការចូលបម្រើការទៅតាមជំនាញ និងឯកទេសដែលខ្លួនមាន។
លោក បានលើកឡើងបន្តថា កំណើននេះអាចលើកកម្ពស់ឱ្យមានចរន្តសេដ្ឋកិច្ចដែលផលិតក្នុងស្រុក និងជំរុញការនាំចេញឱ្យច្រើនជាងមុន។ លោក បន្ថែមថា ចិននៅតែវិនិយោគច្រើន ទោះមានវិបត្តិកូវីដ-១៩ ហើយក្រៅពីចិន អាចថាជប៉ុន និងកូរ៉េ ដោយប្រទេសទាំង២ នេះនឹងជួយទាញបរិយាកាសនៃការវិនិយោគឱ្យមានតុល្យភាព និងមានភាពងាយស្រួលជាងមុន។
បើតាមរបាយការណ៍ដដែល ការវិនិយោគផ្ទាល់លើវិស័យហិរញ្ញវត្ថុ មានទឹកប្រាក់ ៩,៤ពាន់លានដុល្លារ កម្មន្តសាល ៨,៥ ពាន់លានដុល្លារ, អចលនទ្រព្យ ៤,៩ពាន់លានដុល្លារ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ពាន់លានដុល្លារ, កសិកម្ម ៤,២ពាន់លានដុល្លារ, អគ្គិសនី ២,៦ពាន់លានដុល្លារ, សំណង់ ១,៦ពាន់លានដុល្លារ និងវិស័យផ្សេងៗទៀតមានចំនួន ៥,៣ ពាន់លានដុល្លារ៕
ប្រភព៖ភ្នំពេញប៉ុស្ដិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)