Register Already an agent ? Login

លោក ឃួង ស្រេង៖ រាជធានីភ្នំពេញ មានអគារចាប់៥ ដល់៤០ជាន់ មានប្រមាណ ១៤០០អគារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមាន៖ អគារចាប់ពី ៥ជាន់ដល់៩ជាន់ មានចំនួន ៧២៦អគារ, កំពស់ចាប់ពី ១០ជាន់ដល់១៩ជាន់ មានចំនួន៤៥២អគារ, ចាប់ពី ២០ជាន់ដល់២៩ជាន់ មានចំនួន១២០អគារ, ចាប់ពី ៣០ដល់៣៩ជាន់ មានចំនួន៦៥អគារ និងចាប់ពី ៤០ជាន់ ឡើងទៅមានចំនួន ៤០អគារ។

​ការថ្លែងខាងលើ របស់ លោក ​ឃួង ស្រេង នៅក្នុងជួប​សម្ដែង​ការ​គួរ​សម​ និងពិភាក្សាការងារជាមួយ លោក ឌិញ ទៀន ហ្ស៊ុង (DINH TIEN DUNG) សមាជិក​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​រដ្ឋធានី​ហាណូយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

លោក អភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា «រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍនរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក បានលើកឡើងបន្តថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២,២លាននាក់។

នាឱកាសនោះ លោក DINH TIEN DUNG អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ ដែលបានដឹកនាំដោយ លោកផ្ទាល់។

លោក បានមានប្រសាសន៍ថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះគឺស្របពេលដែលវៀតណាមនិងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ។

លោក បានមានប្រសាសន៍បន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយនាពេលនេះ គឺពិតជាបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ។

សូមបញ្ជាក់ថា ជំនួបពិភាក្សាខាងលើរវាង លោក ​ឃួង ស្រេង និងលោក ឌិញ ទៀន ហ្ស៊ុង ដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាព រយៈពេល១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យ ពិសេសការវិនិយោគ ពាណិជ្ជកម្មទេសចរណ៍ វប្បធម៌វប្បធម៌ អប់រំជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)