Register Already an agent ? Login

កម្ពុជា ទទួលជំនួយឥតសំណងពីអាមេរិកប្រមាណ ៦២លានដុល្លារ សម្រាប់វិស័យសំខាន់ៗមួយចំនួន

ភ្នំពេញ៖ កម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារ សម្រាប់ឆ្នាំទី១ ដោយ​ក្នុង​នោះ​ហិរញ្ញប្បទាន​ប្រមាណ ៤១.៦លានដុល្លារ សម្រាប់​វិស័យ​សុខាភិបាល​និងអប់រំ និង២០.៥លានដុល្លារ សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន ដែលអនុវត្ត​ដោយ​ភ្នាក់ងារអនុវត្តគម្រោង​នានា​នៅកម្ពុជា។

ជំនួយទឹកប្រាក់ជាង ៦០លានដុល្លារនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍(USAID) បាន​ចុះហត្ថលេខា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ (DOAG) រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥។

​​តាមរយៈ កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ (DOAG) រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ មានទឹកប្រាក់សរុប ៣៣៨លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបយាប័ន្ន និងចីរភាព ក្នុងការអនុវត្តគម្រោងក្នុងវិស័យខាងលើ និងគាំពារកុមារផងដែរ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃ​​ទី​២៧ ខែមេសា ឆ្នាំ២០២២ ​ឱ្យដឹងថា គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២ ​រហូតដល់​ឆ្នាំ​២០២១ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​ ១,៧ពាន់​លាន​ដុល្លារ​ សម្រាប់​គាំទ្រ​ដល់​វិស័យ​អាទិភាព​ដូចជា៖ វិស័យ​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ និង​កម្មវិធី​ដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​​ដែល​ឆ្លើយតប​ទៅនឹង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក​ដែល​បន្ត​ការគាំទ្រ និង​ប្តេជ្ញា​រួមចំណែក​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ចកម្ពុជា ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព ជាពិសេស​សម្រាប់​ការរួមចំណែក​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា​។ ទន្ទឹមនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ក៏បាន​កោតសរសើរ​ចំពោះ​ការបន្ត​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រទេស​ទាំង២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)