Register Already an agent ? Login

កម្ពុជា-ម៉ាល់ឌីវ បានជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវឱ្យកាន់តែទូលាយពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នៅក្នុងជំនួបកិច្ចពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកកប្រទេសថៃ បានជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវឱ្យកាន់តែទូលាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាខាងលើធ្វើឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ភាគីទាំង បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក។

លោក ថោង ខុន បានបញ្ជាក់ប្រាប់ «ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ថាកម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ហើយស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ។ ហើយកន្លងមក ក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ»។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចយើងជំរុញឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសដែលសម្បូរទៅដោយកោះ អញ្ចឹងថ្ងៃក្រោយអាចទៅសិក្សាយកបទពិសោធន៍ពីការអភិវឌ្ឍកោះរបស់ប្រទេសម៉ាល់ឌីវ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា។

លោក ថោង ខុន បានស្នើសុំឱ្យប្រទេសម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៅក្នុងឆ្នាំ២០២២ ដើម្បីគាំទ្រអោយកម្ពុជារៀបចំកិច្ចប្រជុំនេះនៅឆ្នាំ២០២៣ ហើយកិច្ចការនេះកំពុងតែពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)