Register Already an agent ? Login

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដា ខណៈវឌ្ឍនភាពសម្រេចបានជាង ៩០%

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ខាងមុខ ខណៈ វឌ្ឍនភាពការងារសម្រេចបាន ៩០.៩៥%ហើយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាង​សង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០២២ បានមានថ្លែងប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ផ្លូវល្បឿនលឿននេះ នឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនលឿនជាងធម្មតា ដោយសាការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

លោក ស៊ុន ចាន់ថុល ក៏បានពន្យល់នូវលក្ខខណ្ឌ និងនីតិវិធីមួយចំនួនសម្រាប់ការប្រើប្រាស់ផ្លូវនេះផងដែរ គឺផ្លូវនេះមិនអនុញ្ញាតឱ្យមានការធ្វើដំណើរដូចជាការជិះកង់ ឬម៉ូតូនោះឡើយ ហើយល្បឿននៃការបើកបរក្រសួងកំពុងពិចារណាអនុញ្ញាតឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រ។

ដោយឡែកតម្លៃនៃការធ្វើដំណើរឆ្លងកាត់វិញ លោក ស៊ុន ចាន់ថុល បានអះអាងថា រាជរដ្ឋាភិបាលគ្រោងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគឱ្យតម្លៃក្រោម ១០សេន ក្នុង១គីឡូម៉ែត្រ។ ដូច្នេះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជាង ១៨៧គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរអាចជិត ២០ដុល្លារ។

សូមរម្លឹកថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នឹងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខ។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងផ្លូវនេះ មានគន្លងផ្លូវ ៤គន្លង ទទឹងផ្លូវសរុប ២៤.៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំ ៤កន្លែង ស្ពានធំនិងស្ពានមធ្យម ៤០កន្លែង ស្ពានតូច ៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្ត ៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩.១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២,០១៩លានដុល្លារ។

គូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)