Register Already an agent ? Login

សម្តេចតេជោ បានសម្ពោធសម្ពោធសមិទ្ធផលនានាគ ក្នុងម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ នៅភ្នំពេញជំនួយជប៉ុន ៣៦លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងពិធីខាងលើ សម្តេច ហ៊ុន សែន បានថ្លែងថា គម្រោងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅភ្នំពេញនេះ ថ្វីត្បិតតែអស់ថវិកាច្រើន តែវាបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ និងការកកស្ទះសំរាមជាដើម។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា(JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ខាងមុខនេះសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

គម្រោងកែលម្អប្រព័ន្ធប្រឡាយ-លូ នេះរួមមាន៖ ១.តំឡើងប្រព័ន្ធលូប្រវែងសរុប ១២.៥គីឡូម៉ែត្រ, ២.សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹកនៅសួនច្បារសាធារណៈ ទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលស្ថិតនៅមាត់ទន្លេ, ៣.តំឡើងម៉ាស៊ីនមេកានិច(ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ) ចំនួន៥ នៅច្រកទ្វាស្ថានីយ៍បូមទឹក, ៤.លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន ២ និង ៥.ជំនួយក្នុងការចាប់ផ្តើមការងារប្រតិបត្តិការ និងថែទាំ។

គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក។

គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ​បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខេមីនា ឆ្នាំ២០១៩។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណ ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

តាមរយៈនៃការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា វិច្ឆិកាឆ្នាំ២០២១កន្លងមក ឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រឹតក្រោម ៤០មីលីម៉ែត្រ ក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៧ ផ្លូវលេខ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាបមិនលិចលង់ទៀតទេ។ ប៉ុន្តែ បើករណីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មីលីម៉ែត្រ ក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល ៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ។

បន្ទាប់ពីគម្រោងនេះបានបញ្ចប់ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច នៅតំបន់ប៉ែកខាងជើងវត្តភ្នំ និងទួលគោក។ លើសពីនេះទៅទៀត វាក៏បានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើង ដល់អនាម័យ ចរាចរណ៍ និងសកម្មភាពសេដ្ឋកិច្ចផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)