Register Already an agent ? Login

កម្ពុជា មានទំហំពាណិជ្ជកម្មជាង ១៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១នេះ បានកើនឡើង ៩ភាគរយ

ភ្នំពេញ៖ ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២២ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ១៣,១៦ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា នាំចេញទំនិញ​ទៅកាន់ទីផ្សារពិភពលោក ជាង ៥,៧ពាន់លានដុល្លារ ខណៈនាំចូលវិញប្រមាណ ៧,៤ពាន់លានដុល្លារ។ បើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំហំនេះ បានកើនក្នុងរង្វង់ ៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។

ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តឱ្យដឹងថា នៅក្នុងត្រីមាសទី១នេះ ប្រទេសចិន មានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ ដែលមានតម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។

បើតាមស្ថិតិដដែលនេះបានបន្តទៀតថា បន្ទាប់ពីចិន គឺអាមេរិក មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងរង្វង់ ២,២ពាន់ដុល្លារ, ប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ, ​ប្រទេសថៃមាន ១,១ពាន់ដុល្លារ​ និងប្រទេសសិង្ហបុរីជិត ៩៨០លានដុល្លារ។

សូមរម្លឹកថា កាលពីឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់នៅលើពិភពលោក បានជាង ៤៨ពាន់ល្លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាគឺប្រមាណ ១៩,៣ពាន់លានដុល្លារ ហើយការនាំចូលវិញប្រមាណ ២៨,៧ពាន់លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)