កពង់ចាម៖ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ទ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុង ក្នុងក្រុងកំពង់ចាមប្រវែង ២,៤៩៦ម៉ែត្រ ទទឹង៧ម៉ែត្រ និងផ្លូវកៅស៊ូ ក្នុងស្រុកស្ទឹងត្រង់ប្រវែង ១.៦៦០ម៉ែត្រ ទទឹង៧ម៉ែត្រ កាលពិថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។
រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ផ្លូវបេតុងប្រវែងផ្លូវសរុបចំនួន ២,៤៩៦ម៉ែត្រ នៅក្រុងកំពង់ចាម ក្នុងសង្កាត់បឹងកុក ភូមិឡឥដ្ឋចំនួន ២ខ្សែ ប្រវែងសរុប ១៦៥២ម៉ែត្រ ទទឹង ៧ម៉ែត្រ និងផ្លូវបេតុងក្នុងភូមិថ្មគោលចំនួន ២ខ្សែ ខ្សែទី១ ប្រវែង១៩៩ម៉ែត្រ ទទឹង ៧ម៉ែត្រ ខ្សែទី២ ប្រវែង ៦៤៥ម៉ែត្រ ទទឹង ៦ម៉ែត្រ។
រដ្ឋបាលខេត្តកំពង់ចាម ក្រោយពីពិនិត្យផ្លូវបេតុងហើយ លោក អ៊ុន ចាន់ដា ក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង ១,៦៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ និងពិនិត្យវឌ្ឍនភាពនៃការកសាងរង្វង់មូលក្រុមហ៊ុនចំការកៅស៊ូ បឹងកេត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសម្រេចការកសាងរួចរាល់ ១០០ភាគរយ។
បើតាមរដ្ឋបាលខេត្តដដែលបានបញ្ជាក់ថា ដោយមើលឃើញថា នៅរដូវវស្សាមានជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ លោក អ៊ុន ចាន់ដា បានរៀបចំផែនការដើម្បីស្ថាបនាផ្លូវបេតុង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក និងផ្លូវបេតុងក្នុងភូមិថ្មគោល សង្កាត់បឹងកុក។ ប្រវែងផ្លូវបេតុងដែលត្រូវស្ថាបនា សរុបប្រវែងជាង ២,៤៩៦ម៉ែត្រ គឺជាគម្រោងស្ថាបនា ក្នុងថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)