ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨៦,៧០០ដុល្លារ។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ
នៅក្នុងបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបន្តឱ្យដឹងថា ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ជ័រកៅស៊ូ ចំនួន ៦១.៨៣៩តោន កើនឡើងចំនួន ៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ និងឈើកៅស៊ូវិញ ចំនួន ៨៣៦ម៉ែត្រគូប កើនឡើង ៣.៤៧%។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ថ្លៃ ១,៥៩៤ដុល្លារ ក្នុង១តោន បានថយចុះចំនួន ៤២ដុល្លារ ក្នុង១តោន ស្មើនឹង ០.៣% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍ដដែលបានបន្ថែមឱ្យដឹងទៀតថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង ២៣%។
សូមរម្លឹកថា ក្នុងឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)