កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន ពន្លឿនការចុះធ្វើប្លង់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស នៅតំបន់វិនិច្ឆ័យនៃតំបន់អភិរក្សសត្វខ្សឹប។
លោក លោក ងួន រតនៈ បានថ្លែងបន្តថា ជាមួយគ្នា មានសហគមន៍ព្រៃឈើដែលគ្រប់ដណ្តប់លើភូមិកំពឺត រួមជាមួយដីស្រែប្រជាពលរដ្ឋទាំងស្រុង និងភូមិផ្សេងៗទៀតក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ដើម្បីស្មើសុំគោលការណ៍ទៅប្រមុខរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។
ការថ្លែងជំរុញរបស់ លោក អភិបាលខេត្តកំពង់ធំ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យនៃតំបន់អភិរក្សសត្វខ្សឹបក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។
លោក ងួន រតនៈ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការនៃការចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីនេះបានទៅដោយរលូន សូមមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះស្រង់ទិន្ន័យជាក់លាក់អំពីចំនួនគ្រួសារ ចំនួនផ្ទៃដីជាក់ស្តែងដែលបានកំពុងអាស្រ័យផល ជាពិសេសទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមសហការក្នុងបង្ហាញទីតាំងដី និងព្រំដីឱ្យបានច្បាស់លាស់ជៀងវាងមានបញ្ហានៅថ្ងៃក្រោយ។
នាឱកាសនោះ លោក អភិបាលខេតត្តកំពង់ធំ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំទន្ទ្រានដីព្រៃនៅក្នុងតំបន់អភិរក្សសត្វខ្សឹបបន្តទៀត ចូលរួមថែរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស និងមិនត្រូវជឿតាមការញុះញ៉ុងរបស់ជនអគតិមួយចំនួនឡើយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)