ភ្នំពេញ៖ កម្ពុជា នឹងទទួលបានជំនួយជាទឹកប្រាក់ឥតសំណងប្រមាណ ៨៧លានអូស្រ្តាលី (ប្រមាណ ៦៥លានដុល្លារ) ពីរដ្ឋាភិបាលអូស្រ្តាលី លើវិស័យសំខាន់ៗចំនួន៣ សម្រាប់រយៈពេល ៥ឆ្នាំ គិតពីពាក់កណ្ដាលឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ នេះបើតាមជំនួបពិភាក្សាការងារ លោក អូន ព័ន្ធមុនីរ័ត្ន មន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Pablo Kang ឯកអគ្គរាជទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា។
ជំនួបពិភាក្សាការងារខាងលើធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មីនៃកម្មវិធីភាពជាដៃគូរវាងកម្ពុជានិងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។
បើតាមកិច្ចជំនួបនេះ អូស្រ្តាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី តាមរយៈមូលនិធី Department affair and Trade (DFAT) សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ប្រមាណ ៨៧លានអូស្រ្តាលី (ប្រមាណ ៦៥លានដុល្លារ) រយៈពេល ៥ឆ្នាំ គិតពីពាក់កណ្ដាលឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងអាចបន្តផ្ដល់បន្ថែមរហូតដល់ ៥៧លានអូស្រា្តលី (ប្រមាណ ៤២លានដុល្លារ) រយៈពេល ៣ឆ្នាំបន្តាប់ទៀត ដោយអាចបន្តដល់ពាក់កណ្ដាលឆ្នាំ២០៣០។
វិស័យសំខាន់ៗចំនួន៣ ដែលកម្ពុជានឹងទទួលជំនួយឥតសំណង ជាកម្មវិធី CAP-RED រួមមាន៖
ទី១. ជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការអភិវឌ្ឍលើផ្នែកកសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្ដើមលើវិស័យកែច្នៃកសិផល
ទី២. សហការជាមួយរាជរដ្ឋាភោបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ស្ដង់ដារគុណភាពរបស់ខ្លួន ដើម្បីអាចនាំចូលទីផ្សារនានា
ទី៣. បន្តកម្មវិធីវិនិយោគ ដើម្បីពង្រឹងវិស័យហរដ្ឋារចនាសមព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាពល និងភស្តុភារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)