ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងចំនួន២ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ ខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។
លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ និងលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដែលមាន ក្រោមអធិបតីភាពជាសាក្សីរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
គម្រោងស្តីពីអេកូទេសចរណ៍ផាត់សណ្ដាយ នឹងពង្រឹងការរស់រានរបស់សហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានបន្តថា គម្រោងនេះ នឹងលើកទឹកចិត្តសហគមន៍មូលដ្ឋានកុំឱ្យជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ដូចជាការនេសាទនៅតំបន់ហាមឃាត់ និងការកាប់បំផ្លាញព្រៃឈើ។
ស្ថានទូតឥណ្ឌាបានបន្តថា គម្រោងនេះ ក៏នឹងបង្កើនការចូលរួមរបស់ស្ត្រីក្នុងកម្លាំងការងារផងដែរ ហើយគម្រោងស្ដីពីអភិវឌ្ឍន៍កម្មវិធីទូរសព្ទមានគោលបំណងអភិវឌ្ឍកម្មវិធីទូរសព្ទចល័តជាកម្លាំងជំរុញមួយ ដែលនឹងក្លាយជាវេទិការួមមួយក្នុងការលើកកម្ពស់ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ទូទាំងប្រទេស។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ការអនុវត្តគម្រោងទាំង២នេះ គឺមានរយៈពេល១ឆ្នាំ ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលរដ្ឋឥណ្ឌា ក្នុងក្របខណ្ឌគម្រោងដែលមានឥទ្ធិពលលឿន ឬហៅថា Quick Impact Project (QIP) ដែលមានកិច្ចសហការជាមួយក្រសួងទេសចរណ៍។ លោក បញ្ជាក់ចំពោះទឹកប្រាក់សម្រាប់អនុវត្តគម្រោងនីមួយៗនេះ គឺមានប្រមាណ ៥ម៉ឺនដុល្លារ ក្នុង១គម្រោង។
លោក ជុក ជំនោរ បានពន្យល់អំពីគម្រោងទី១ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ គឺស្ថានទូតឥណ្ឌាគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចូលទៅក្នុងសហគមន៍ផាត់សណ្ដាយ ព្រមទាំងជួយរៀបចំឱ្យមាន «ផ្សារបណ្ដែតទឹក» ដែលជាផលិតផលទេសចរណ៍ថ្មីនៅក្នុងសហគមន៍អេកូទេសចរណ៍នេះ ហើយដែលនឹងផ្ដល់ផលប្រយោជន៍លឿនដល់ប្រជាសហគមន៍។
លោក បានបន្តថា ចំពោះគម្រោងទី២ គឺគម្រោងអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) ដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ លោក បានពន្យល់ឱ្យដឹងថា Mobile App នេះគឺផ្ដោតសំខាន់លើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលវានឹងជួយផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍នៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ហើយភ្ញៀវទេសចរក៏អាចកក់កញ្ចប់ទស្សនកិច្ច ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ឬទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន ឬវិស័យឯកជនដែលលក់កញ្ចប់ទស្សនកិច្ចទៅកាន់ទៅសហគមន៍ទាំងនោះបានផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា គម្រោងនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការជួយសម្រួលការមកដល់នៃភ្ញៀវទេសចរនៅកម្ពុជា។ លោក បានបន្តថា សម្រាប់ការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរលក្ខណៈជួល (Charter Flight) រវាងប្រទេសទាំង២ ក្រសួងទេសចរណ៍នឹងគាំទ្រជាចាំបាច់។ លោក បានជំរុញឱ្យមានភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន។
លោក ថោង ខុន ក៏បានស្វែងរកជំនួយពីរដ្ឋាភិបាលឥណ្ឌា ក្នុងការរៀបចំឱ្យមានដំណើរការនៃអរិយធម៌ឡើងវិញ ដោយបញ្ជាក់ថា គម្រោងទាំងនេះនឹងនាំឱ្យមានការកើនឡើងចំនួនភ្ញៀវទេសចរ ហើយវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យទេសចរណ៍នៅកម្ពុជា។
លោកស្រី Devyani Khobragade បានថ្លែងថា គម្រោងទាំង២នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍របស់រដ្ឋាភិបាលឥណ្ឌា និងផ្តល់សិទ្ធិអំណាចដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ គម្រោងទាំងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល ១ ឆ្នាំ។ លោកស្រីបានបញ្ជាក់ថា គម្រោងទាំង២នេះ នឹងនាំទៅដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីជារួម និងសុឆន្ទៈរវាងប្រជាជនឥណ្ឌា និងកម្ពុជា។ ប្រទេសទាំង២ ចាំបាច់ត្រូវតែធ្វើការឆ្ពោះទៅរកការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ឱ្យបាន។
លោកស្រីបានបន្ថែមថា ភាគីទាំងសងខាងគួរតែខិតខំ ដើម្បីចាប់ផ្តើមជើងហោះហើរលក្ខណៈជួល ដែលអាចគ្របដណ្តប់តំបន់ទេសចរណ៍ព្រះពុទ្ធសាសនានៅឥណ្ឌា និងខេត្តសៀមរាបនៅកម្ពុជា។ ទាក់ទិននឹងដំណើរនៃអរិយធម៌នេះ លោកស្រីបានស្នើដល់ លោក ថោង ខុន ជួយចែករំលែកបន្ថែមទៀតមុននឹងទទួលយកសំណើនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)