ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្រមខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា។ បើតាមជំនួបពិភាក្សាការងារ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ជំនួបពិភាក្សាខាងលើធ្វើឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
បើតាមជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រៅពីឥណទានសម្បទានខាងលើ កម្ពុជាត្រូវការវិនិយោគបន្ថែមទៅលើវិស័យសំខាន់ៗដទៃទៀតរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធបៃតង កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៍មានសក្ដានុពលក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។
លោក រដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ជាងនេះទៅទៀត ការអភិវឌ្ឍវិស័យភស្តុភារកម្ម និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោក ថា ដូច្នេះ ការកៀគរទុនវិនិយោគពីវិស័យឯកជនទាំងក្រុង និងក្រៅប្រទេស ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្នុងកិច្ចពិភាក្សានោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួមចំណែកដល់ហិរញ្ញប្បទានអភោវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតបត្តិការអន្តរជាតិ។
លោក KOO Yun Cheol បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក។
បើតាមជំនួបនេះភាគីទាំងពីរ បានប្ដេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការការលើកកម្ពស់ការវិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េឱ្យមកបណ្ដាក់ទុនច្រើនបន្ថែមទៀត។
សូមរម្លឹកថា នៅក្នុងជំនួបទ្វេភាគីរវាងកម្ពុជា-កូរ៉េនាកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅប្រទេសកូរ៉េកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោក Moon Jae-In ប្រធានាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាគឺជាអាទិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធនឹងការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយកម្ពុជា គឺជាប្រទេសទី ១ ដែលកូរ៉េបានចុះហត្ថលេខាជាមួយ។
លោក បានបញ្ជាក់ថា «ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ ប្រទេសកូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភា ដើម្បីផ្ដល់សច្ចាប័ន»។
លោក Moon Jae-In បានបន្តថា ប្រទេសទាំង២ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ពិសេសនៅពេលកម្ពុជាមានច្បាប់វិនិយោគថ្មីដែលគួរឱ្យទាក់ទាញថែមទៀត កូរ៉េនឹងបន្តធ្វើការជាមួយកម្ពុជាដោយជំរុញឱ្យវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ ក្រុមហ៊ុនកំពុងតែវិនិយោគនៅកម្ពុជា។
ចាប់ពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន កូរ៉េបានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៤៣១លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបន្តថា ក្នុងក្របខណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ន កូរ៉េបានផ្ដល់ឥណទានសម្បទានសរុបប្រមាណ ១,២១១លានដុល្លារ ក្នុងកម្មវិធីអភិវឌ្ឍន៍ចំនួន ២៦គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្ដល់ឥណទានសមប្បទានរបស់ខ្លួន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)