ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចលើកលែងអាករពិសេសតាមអត្រា ៥% លើផលិតផលស៊ីម៉ងត៍ក្នុងស្រុករបស់សហគ្រាស ផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។
នេះបើយោងតាមប្រកាសលេខ១០០០ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទន្ទឹមនឹងការលើកលែងនេះ សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុកទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចដូចខាងក្រោម៖
១-ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិង ប្រចាំឆ្នាំ រួមទាំងពន្ធអាករដែលត្រូវបានចាត់ទុក ជាបន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាម អនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
២-ត្រូវកាន់ កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យនិងព័ត៌មានដែលទាក់ទិននឹងសកម្មភាព អាជីវកម្ម ស្របតាមច្បាប់នឹងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
៣-ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុក ឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។
៤-ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជាការបង់ពន្ធអាករផ្សេងទៀត សួយសាររើ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម។
៥-ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹងថ្លៃដើម សមត្ថភាពផលិត ការប្រើប្រាស់វត្ថុធាតុដើម ការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិង បច្ចេកទេសទៅបុគ្គលិកក្នុងស្រុក និងការចូលរួមកិច្ចការសង្គម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)