ព្រះសីហនុ៖ រូបសំណាក «ព្រះថោងនាងនាគ» ដែលជារចនាស្ថាបត្យកម្មខ្មែរ ផលិតនៅប្រទេសចិន ធ្វើពីស្ពាន់មានទម្ងន់ ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ មានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដាក់លើបល្ល័ង្កកម្ពស់ជាង ៦.៣៤ម៉ែត្រ បានដឹកមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ខណៈ ក្រុមជាងកំពុងដំឡើង នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដោយរូបសំណាកនេះឈរបែរព្រះភក្ត្រឆ្ពោះទៅសមុទ្ររាម។
រូបសំណាកព្រះថោងនាងនាគ បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។ រូបសំណាកនេះធ្វើឡើងដោយចំណាយថវិកាជាតិ ហើយជាផ្នែកមួយនៃគម្រោងផ្លូវទាំង ៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
រូបសំណាក «ព្រះថោងនាងនាគ» នេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល «ព្រះថោងនាងនាគ» បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
រូបសំណាក «ព្រះថោងនាងនាគ» បន្ទាប់លើកដាក់រួច នឹងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)