កំពត៖ ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤.៣គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវ ២០គីឡូម៉ែត្រ មានដីស្អុយ ដោយបែងចែកជាពីរកំណាត់គឺ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ និងកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីមែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ ដូច្នេះ ត្រូវការថវិកាពី៦០ ទៅ៧០លានដុល្លារ។
ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង ២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប ៥៤គីឡូម៉ែត្រ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
លោកស៊ុន ចាន់ថុល បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសប្បទាន មកសាងសង់ផ្លូវ ២០គីឡូម៉ែត្រនេះ ហើយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជាលាយលក្ខអក្សរទៅស្ថានទូតចិនហើយផងដែរ ដើម្បីស្នើសុំថវិកានេះជាផ្លូវការ ដូច្នេះយើងរង់ចាំថវិកាជាប្រាក់កម្ចីពីមិត្តចិន ដើម្បីយើងយកមកសាងសង់នៅទីនេះ។
ទន្ទឹមនឹងការរង់ចាំនេះ ក្រសួងក៏មិនព្រងើយកន្តើយ ចំពោះផ្លូវនេះដែរ ខណៈក្រសួងកំពុងរកប្រភពថវិកាដើម្បីជួសជុលផ្លូវនេះឱ្យប្រសើរឡើងជាបណ្តោះអាសន្ន និងស្នើសុំការយោគយល់ពីអ្នកដំណើរផងដែរ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ប៉ុន្តែ មុននឹងទទួលថវិកានេះផ្លូវខូចសម្បុកមាន់ច្រើន ដែលមានការលំបាកវេទនាក្នុងការធ្វើដំណើរ ជាពិសេសពេលរដូវភ្លៀង ហើយឥឡូវនេះ ផ្លូវជាតិលេខ៤ កំពុងតែពង្រីក អ៊ីចឹងមានការកកស្ទះ ហើយមានការបង្វែរចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវលេខ៣សិន កុំឱ្យកំណើនការធ្វើចរាចរណ៍ផ្លូវកំពត វាលរេញច្រើន។
លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា តាមការសិក្សា ដើម្បីធ្វើផ្លូវប្រវែង ២០គីឡូម៉ែត្រ នេះឱ្យបានរឹងមាំ និងស្របតាមបច្ចេកទេសគ្រោងចំណាយថវិកាសរុបប្រមាណពី៦០ ទៅ ៧០លានដុល្លារ។ ផ្លូវ ២០គីឡូម៉ែត្រនេះ មានបញ្ហាច្រើនណាស់ ធ្វើមិនដែលបានជាប់ទេតាំងពីដើមមកដោយសារផ្លូវនេះមិនបានសិក្សាឱ្យបានល្អិតល្អន់ឱ្យស្របតាមលក្ខណៈបច្ចេកទេសព្រោះនៅតំបន់នោះមានដីស្អុយខាងក្រោមរហូតដល់ ១៨ម៉ែត្រ។
ផ្លូវនេះ ធ្លាប់បានធ្វើ ៤ដងរួចមកហើយ ប៉ុន្តែនាពេលនោះមិនបានសិក្សានៅតំបន់ភូមិសាស្ត្រឱ្យបានត្រឹមត្រូវ ខណៈថវិកាសាងសង់ផ្លូវពេលនោះ មានចំនួនប្រមាណជិត ២០លានដុល្លារប៉ុណ្ណោះ។ បើតាមការបន្ថែមទៀតរបស់ លោក ស៊ុន ចាន់ថុល កន្លងមកមិនត្រឹមតែ ធនាគារពិភពលោកបានផ្តល់ថវិកា ៨លានដុល្លា មកកាន់កម្ពុជាក្នុងការសាងសង់ផ្លូវជាតិប្រវែង៥៤គីឡូម៉ែត្រនេះ ថែទាំរយៈពេលបីឆ្នាំនិងជុសជុល ចំណាយថវិកាច្រើនលានដុល្លាទៀត តែនៅតែមិនជាប់។ លោកថា ក្រុមហ៊ុនកូរ៉េបានមកសាងសង់ម្តង ក្រុមហ៊ុនកម្ពុជាធ្វើម្តងហើយដែរ ធនាគារពិភពលោកមកម្តងទៀតនៅមិនជាប់ទៀត ដោយសារកន្លងមកមិនមានការសិក្សាច្បាស់លាស់ ទាក់ទងនឹងបញ្ហាដីតាមបណ្តោយផ្លូវនេះ។
លោក រដ្ឋមន្រ្តីបានលើ ឡើងថា ជាក់ស្ដែង ក្រសួងបានឯកភាពជាមួយនឹងក្រុមហ៊ុន CRBC រួចហើយ។ ក្រុមហ៊ុនក៏បានសិក្សារួចហើយដែរ ដែលនឹងប្រើវិធីសាស្រ្ដវាយសសរគ្រឹះ ជម្រៅ១៨ ម៉ែត្រ ក្នុងដីភក់ស្អុយនោះ ដោយបែកចែកជា ២កំណាត់ ក្នុងនោះ៖ កំណាត់ ៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីមែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)