កណ្ដាល៖ ផ្លូវបេតុងអាមេ ផ្លូវលេខ១២១០ ប្រវែង ៥,៩០០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ០.២ម៉ែត្រ ស្ថិតក្នុងឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង នៃខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
ផ្លូវបេតុងខាងលើ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង។
នៅក្នុងពិធីខាងលើ លោក ប្រាក់ សុខុន បានថ្លែងថា ផ្លូវបេតុងអាមេ ១ខ្សែនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។ លោក បានបញ្ជាក់ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់បន្តថា មិនថាផ្លូវតូចឬធំនោះទេ ព្រោះផ្លូវគឺជាសសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ជាធនធាននៃការអភិវឌ្ឍប្រទេសជាតិទៅរកភាពរីកចម្រើនទៀតផង។
នាឱកាសនោះ លោក រដ្ឋមន្រ្តី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនមែនរបស់បុគ្គលណាម្នាក់ឡើយ។
លោក បានបន្តថា ជាមួយគ្នានេះ គោរពច្បាប់ចររាចរណ៍ឱ្យបានគ្រប់ៗមិនត្រូវបើកលើសល្បឿនដែលបានកំណត់ កុំប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរ ដោយពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ កុំដឹកទំនិញលើសទម្ងន់ និងសូមប្រជាពលរដ្ឋមេត្តាយល់យោគ និងអធ្យាស្រ័យនៅពេលកំពុងសាង សង់ហើយពេលផ្លូវនេះបានស្អាតល្អ ហើយសូមប្រជាពលរដ្ឋរួមគ្នាថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ផ្លូវលេខ១២១០ ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាចំណងដៃថ្មីមួយបន្ថែមទៀតជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនរស់នៅក្នុងស្រុកស្អាង ដែលផ្លូវនេះនឹងជួយសម្រួលការធ្វើដំណើរ កាត់បន្ថយចំណាយលើការដឹកជញ្ជូនទំនិញ កសិផល របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ។
លោក បានថ្លែងបន្តថា ផ្លូវនេះនឹងក្លាយទៅជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ២១ ដើម្បីសម្រួលចរាចរណ៍ក្នុងតំបន់ និងបញ្ចៀសចរាចរណ៍បានមួយផ្នែកធំ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បើកឱ្យដំណើរការ។ ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្អាង ជាអ្នកទទួលបានផលផ្លែផ្កាពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលទាំងនេះ ដោយបានចំណេញពីការធ្វើដំណើរ កាត់បន្ថយថ្លៃចំណាយក្នុងការដឹកជញ្ជូនកសិផល និងទំនិញនានាទៅកាន់ទីផ្សារទៀតផង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)