Register Already an agent ? Login

រដ្ឋបាលខេត្តព្រះវិហារ ប្រកាសឱ្យអ្នកទន្ទ្រានយកដីវិនិយោគរបស់ក្រុមចំនួន ៥កន្លែង ចាក់ចេញជាបន្ទាន់ជៀសវាងប្រើធម៌ក្ដៅ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគសម្បទានចំនួន ៥កន្លែង​ ស្ថិតក្នុងភូមិសាស្រ្តស្រុកឆែប ស្រុកត្បូងមានជ័យ និងស្រុកសែនជ័យ ត្រូវចាកចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ជៀសវាងអាជ្ញាធរប្រើធម៌ក្ដៅ។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើបានបន្តថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្រាប់វិនិយោគលើដំណាំអំពៅដល់ក្រុមហ៊ុនចំនួន៥ រួមមាន៖ ក្រុមហ៊ុនរូយ ហ្វេង, ក្រុមហ៊ុន ឡាន ហ្វេង,ក្រុមហ៊ុន ហេង រូយ,ក្រុមហ៊ុន ហេង យូ និងក្រុមហ៊ុន ហេង ណុង (ខេមបូឌា)។ ក្រុមហ៊ុនទាំង ៥ បានដំណើរការសកម្មភាពវិនិយោគរហូតមកដល់ឆ្នាំ២០១៩ ដែលជាឆ្នាំផ្ទុះនៃជំងឺសកលបណ្ដាលឱ្យផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ក៏មានប្រជាពលរដ្ឋចូលមកទន្រ្ទានកាន់កាប់យ៉ាងអាណាធិបតេយ្យលើដីរបស់ក្រុមហ៊ុនទាំង៥។

បើតាមសេចក្ដីជូនដំណឹងដដែលនេះបានបន្ថែមថា ដើម្បគ្រប់គ្រងដីឱ្យមានប្រសិទ្ធិភាព រដ្ឋបាលខេត្ត ក៏បានចេញវិធានការ ៣ចំនុចរួមមាន៖

១.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលកំពុងចូលទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវចាក់ចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់។

២.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលនៅតែបន្តល្មើសចូលមកទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគបន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

៣.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលត្រូវបានជនខិលខួចបោកប្រាស់ជួលដីនៅលើទីតាំងទាំង ៥ ខាងលើ សូមផ្តល់ដំណឹង ឬត្រូវដាក់ពាក្យបណ្តឹងទៅអាជ្ញាធជាបន្ទាន់ ដើម្បីជៀសវាងការខាតប្រយោជន៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)