Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូសរុបជាង ៧៧លានដុល្លារ ពីរខែដើមឆ្នាំនេះ

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការនាំចេញ ជ័រកៅស៊ូនិងឈើកៅស៊ូសរុប ៧៧,២៣៤,១១៦ដុល្លារ ក្នុងនោះ ជ័រកៅស៊ូចំនួន ៧៦,៨៧៨,១៧០ដុល្លារ និងឈើកៅស៊ូចំនួន ៣៥៥,៩៤៦ដុល្លារ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

នៅក្នុងរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា បរិមាណនៃការនាំចេញគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៤៨,៥០៩តោន កើនឡើងចំនួន ២,៥៣៦តោន ស្មើនឹង ៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ សម្រាប់ការនាំចេញឈើកៅស៊ូ បានចំនួន ៨០៨ម៉ែត្រគូប កើនឡើង ៦៦ភាគរយ។

ចំពោះ តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ថ្លៃ ១,៥៨៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ២ដុល្លារ ក្នុង១តោន ស្មើនឹង០,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ បើតាមរបាយការណ៍ដដែល បានបន្តថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣ភាគរយ។

សូមរម្លឹកថា នៅក្នុងឆ្នាំ២០២១ កម្ពុជា រកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។  ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)