កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងត្រូវបញ្ចប់ជាស្ថារនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។ បើតាមការកំណត់របស់ គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានឱ្យដឹងបន្តថា ខណៈអគារទទួលភ្ញៀវវិញសម្រេចបានជាង ៨០ភាគរយ។
លោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការសាងសង់សម្រេចបានជិត ១០០% ដោយឡែកអគារទទួលភ្ញៀវវិញសម្រេចបានជាង ៨០%។ តាមការគ្រោងទុករបស់ក្រុមការងារក្រសួងសាធារណការ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនពិគ្រោះយោបល់ គម្រោងនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ប៉ុន្តែកាលបរិច្ឆេទសម្ពោធឱ្យប្រើប្រាស់ នៅមិនទាន់ដឹងនៅឡើយទេ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកំពង់ផែទេសចរណ៍នេះ គឺជាមធ្យោបាយថ្មីមួយទៀតនៃការបញ្ជូនភ្ញៀវទេសចរចេញទៅក្រៅ និងទទួលភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវទឹកមកកាន់ខេត្តកំពត។ លោក បានបន្តថា កំពង់ផែនេះក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងដែនសមុទ្រកម្ពុជា និងបង្កភាពងាយស្រួល និងផ្តល់ឱកាសសម្រាប់តម្រូវការភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹកផងដែរ។
លោក បានលើកឡើងថា គម្រោងនេះត្រូវរំពឹងថា នឹងជួយលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់ឆ្នេរផ្សេងៗទៀត។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍន៍ទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជាក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។ នេះបើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពេលចុះទៅពិនិត្យការដ្ឋានកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
គូសបញ្ជាក់ថា កំពង់ផែនេះមានជម្រៅ ៤.៥ម៉ែត្រ លើដីទំហំ ៤ហិកតា ស្ថិតនៅក្នុងស្រុកទឹកឈូ សាងសង់ឡើងក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណ ៨លានដុល្លារ។
ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដែលដឹកអ្នកដំណើរចាប់ពី ៣០០ទៅ ៤០០នាក់ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង៤ នៃប្រទេសកម្ពុជា។
កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។ ម្យ៉ាងវិញទៀត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។
សូមរម្លឹកថា គម្រោងនេះត្រូវបានពន្យារពេលជាច្រើនដងមកហើយ ដោយសារតែវិបត្តិកូវីដ-១៩។ ផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២០ បន្ទាប់មកពន្យារមកដើមឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)