Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ផែនការមេភស្តុភាកម្ម ត្រូវការទុនវិនិយោគ ៥០ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ

ភ្នំពេញ៖ ផែនការមេភស្តុភាកម្ម ត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៥០ពាន់លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំ លើគម្រោងវិនិយោគប្រមាណ ៣០០គម្រោង នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាកាន់តែមានប្រសិទ្ធភាព និងផលិតភាពនៅកម្ពុជា។ បើតាមការថ្លែងបញ្ជាករបស់ លោក ស៊ុន ចាន់ថុល រដ្ឋមននរ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបន្តថា កន្លងមកកម្ពុជាបានសហការជាមួយដែគូនានាដូចជាធនាគារពិភពលោកជាដើមក្នុងការអភិវឌ្ឍវិស័យភ័ស្តុភារ ធានាកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូននិងជម្រុញការវិនិយោគ FDI ពីបរទេសបន្ថែមទៀត។

លោក រដ្ឋមមន្រ្តីបានថ្លែងបន្តទៀតថា ការជួយគាំទ្រដល់វិស័យនាំចេញ និងនាំចូលដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជានេះ គឺតាមរយៈសេវាស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ ស្តង់ដារអន្តរជាតិដែលមានទីតាំងស្ថិតនៅជិតកំពង់ផែភ្នំពេញ និងផ្តល់នូវសេវាតម្លៃបន្ថែមក្នុងគោលដៅជួយដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីចូលទៅក្នុងទីផ្សារពាណិជ្ជកម្ម។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីកំណើនកុងតឺន័រឆ្លងកាត់ជាមធ្យមប្រចាំឆ្នាំមានចន្លោះពី ១៥-១៨% នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ ទោះបីជាមានវិបត្តិកើតឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្ដែងនៅឆ្នាំ២០២០កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណកុងតឺន័រចំនួន ២៩០,៨៥៧TEUs កើនចំនួន ៣,៤៩% ធៀបនឹងឆ្នាំ២០១៩ និងនៅឆ្នាំ២០២១ មានចំនួន ៣៤៨,៨៩៨TEUs កើនឡើងចំនួនប្រមាណ ២០% ធៀបនឹងឆ្នាំ២០២០។

លោក បានថ្លែងបន្ថែមថា លើសពីនេះទៀត នៅឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ បានព្យាករណ៍ថានឹងទទួលបានបរិមាណកុងតឺន័រចំនួន ៣៩៤,៦៧៩TEUs កើនឡើងចំនួន ១៣% ធៀបនឹងឆ្នាំ២០២១។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល បានថ្លែងបន្ថែមទៀតថា ក្រៅពីការវិនិយោគលើផែនការមេនៃវិស័យភ័ស្តុភារ កម្ពុជាបាននិងកំពុងធ្វើការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្នល់ ស្ពាន កំពង់ផែ ជាដើម ដែលបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក ស៊ុន ចាន់ថុល បានលើកឡើងឱ្យដឹងថា ជាលទ្ធផល រដ្ឋាភិបាលកម្ពុជាបានសម្រេចការសាងសង់ផ្លូវថ្នល់ជាង ១៨,០០០គីឡូម៉ែត្រ ពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ការសាងសង់នូវព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាល ខេត្តសៀមរាប និងព្រលានយន្តហោះតារាសាគរ។

លោក បានលើកឡើងបន្ថែម ព្រមទាំងបានតភ្ជាប់ខ្សែររថភ្លើងទៅកាន់ប្រទេសថៃឡើងវិញ ក៏បានពង្រីកកំពង់ផែក្រុងភ្នំពេញនិងក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងគម្រោងផ្សេងៗទៀតជាច្រើនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)